ព័ត៌មានអន្តរជាតិ

បាតុកម្មប្រឆាំងលោក ត្រាំ ផ្ទុះទ្បើងនៅទីក្រុងឈីកាហ្គោ

អាមេរិកៈ កាលពីរសៀលថ្ងៃអាទិត្យ ក្រុមអ្នកតវ៉ារាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងឈីកាហ្គោ ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ខ្លួន ចំពោះប្រធានាធិបតីលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងបម្រាមហាមឃាត់លើជនអន្តោប្រវេសន៍ ចូលមកក្នុងសហរដ្ឋអាមេរិក ខណៈដែលបទបញ្ជានេះ ត្រូវបានតុលាការព្យួរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

បាតុករទាំងនោះ បាននាំគ្នាដើរជាក្បួននៅផ្លូវ Wacker Drive ក្នុងទីក្រុងឈីកាហ្គោមកកាន់អគារ Trump Tower ដែលវេលាម៉ោងប្រហែល ១ រសៀល(ម៉ោងក្នុងស្រុក) មនុស្សរាប់រយនាក់ បានចាប់ផ្តើមនាំគ្នាស្រែកច្រៀង និងកាន់សញ្ញាបង្ហាញពីការតវ៉ាប្រឆាំងរបស់ពួកគេ ទៅនឹងគោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ។

ការតវ៉ារបស់ពួកគេនេះ ក្នុងគោលបំណង ដើម្បីការពារជនអន្តោប្រវេសន៍ម៉ូស្លីម, ការរើសអើងពណ៌សម្បុរ, ក្រុមមនុស្សស្រទ្បាញ់ភេទដូចគ្នា (LGBTQ), កម្មករ និងអ្នកក្រីក្រជាដើម។

ក្នុងនោះក្រុមបាតុករ ក៏បានអំពាវនាវឲ្យរដ្ឋបាលលោក ត្រាំ មានគោលជំហរទៅលើការប្រែប្រួលអាកាសធាតុ សមភាពភេទ និងបញ្ហាផ្សេងទៀតផងដែរ៕

មតិយោបល់