ភ្នំពេញៈ នៅវេលាម៉ោង ១២និង១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ លួចម៉ូតូសណ្ដោងរ៉ឺម៉ក ដែលម្ចាស់បានចាក់សោទុកមុខហាងបោកអ៊ុត សម្លៀកបំពាក់ យីហោ សៀហ័របោក អ៊ុត ស្ថិតចំណុចខាងមុខសាលាបឋមសិក្សាបឹងសាឡាង តាមបណ្ដោយផ្លូវ៣៣៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ភក្ត្រា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់រ៉ឺម៉កបានចាក់សោបិទទ្វារហាងបោកអ៊ុត និងលើកស្នួលហាលខោអាវដាក់លើរ៉ឺម៉ក រួចបើកទៅចកទុកនៅទីតាំងកើតហេតុដូចរាល់ដង ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើ បានលេចមុខជនសង្ស័យ ជិះម៉ូតូមកធ្វើសកម្មភាពឈប់ចតក្បែរនោះ ហើយដើរសំដៅទៅលួចម៉ូតូរ៉ឺម៉កម្ចាស់ហាងបោកអ៊ុតបានសម្រេច ប៉ុន្តែត្រូវសន្តិសុខយាមអាគារបន្ទប់ជួលមើលឃើញតាមកាំមេរ៉ាសុវត្ថិភាព ស្ទុះរត់ចេញមកក្រៅ ស្រែកផ្អើលពលរដ្ឋជិតនោះ នាំគ្នាដេញចាប់រហូតដល់ក្បែរអធិការដ្ឋាននគរបាលខណ្ឌទួលគោ ទើបឃាត់បាន និងរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
ក្រោយពេលកើតហេតុជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់