ភ្នំពេញៈ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ម៉ៅ ចាន់ថុន នាយផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ និងប្រជាការពារសង្កាត់ឬស្សីកែវ បានធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ដកហូតថ្នាំញៀន ២៤កញ្ចប់តូចចធំ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្លូវបេតុង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន នាយផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះ ជា គា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ (ជួញដូរ) មានទីលំនៅផ្ទះលេខ៤៤៧B ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ និងទី២-ឈ្មោះ គង់ សាម៉ឺឌី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ បោកខោអាវ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកឯសំភារៈដកហូតរួមមានៈ ម្សៅក្រាមពណ៌សថ្លាចំនួន ២៤កញ្ចប់ ដោយក្នុងនោះមាន ១០កញ្ចប់ធំ, ១៤កញ្ចប់តូច, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ២គ្រាប់កន្លះ និងឧបករណ៍ប្រើប្រាស់ មួយចំនួនផងដែរ។
លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានសហការជាមួយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ និងប្រជាការពារសង្កាត់ឬស្សីកែវ ដោយមានការសម្របសម្រួលពីលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ហើយកម្លាំងសមត្ថកិច្ចយើង បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ២នាក់ និងបានដកហូតថ្នាំញៀន ១៥កញ្ចប់តូចធំ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រោយមក សមត្ថកិច្ចយើង បានធ្វើការសាកសួរ ទៅលើជនសង្ស័យទាំង ២នាក់ខាងលើរួចមក ហើយសមត្ថកិច្ចយើងបានបន្តទៅឆែកឆេរ ទីតាំងមួយកន្លែងទៀត ដែលជាផ្ទះរបស់ឈ្មោះ មាក ដោយនៅក្នុងប្រតិបត្តិការឆែកឆេរនេះ សមត្ថកិច្ចយើងបានរកឃើញថ្នាំញៀនចំនួន ៩កញ្ចប់ធំ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន ២គ្រាប់កន្លះ និងឧបករណ៍ប្រើប្រាស់មួយចំនួន ខណៈនេះជនសង្ស័យទាំង ២នាក់ ត្រូវសមត្ថកិច្ចយកទៅធ្វើការសាកសួរបន្តនៅអធិការខណ្ឌ។
ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចបានធ្វើការបិទបញ្ចប់នៅវេលាម៉ោង ៧និង២៥នាទីយប់ថ្ងៃដដែរ ដោយសមត្ថកិច្ច បានសម្រេចបិទផ្ទះខាងលើនេះ ជាបណ្តោះអាសន្ន។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់