ព័ត៌មានជាតិ

បុរស០២ នាក់ ត្រូវក្រុមចោរមានគ្នា ០៦ នាក់ ដេញវាយប្លន់យកម៉ូតូ បានសម្រេច

ភ្នំពេញ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា បុរសពីរនាក់ ត្រូវបានក្រុមចោរប្លន់មួយក្រុម ដេញវាយប្លន់យកម៉ូតូបានសម្រេច ខណ:ដែលពួកគេជិះម៉ូតូចេញទៅជួបជុំមិត្តភក្តិ នៅទីតាំងផឹកស៊ីមួយកន្លែង ។

ហេតុការណ៍វាយប្លន់ បង្កការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង ២២ និង៥០នាទីយប់ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០១៧ ត្រង់ចំនុចភូមិក្រាំងអង្ក្រង ផ្លូវ២០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះមានគ្នាពីនាក់ ទី១ ឈ្មោះ ខាន់ ផល្លា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ជាម្ចាស់ម៉ូតូ និងទី២ ឈ្មោះ ប៉ុម ស្រៀង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរតៃកុងឡាន អ្នកទាំងពីរស្នាក់នៅបន្ទប់ជួលភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ ចំណែកម៉ូតូដែលជនសង្ស័យប្លន់ យកទៅម៉ាកសង់ C125 សេរី ២០១៤ ពណ៌ខ្មៅស្លាកលេខ តាកែវ 1J 6274 ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មិត្តភក្ដិរបស់គេ បានតេទូរសព្ទ័មកឲ្យចេញទៅផឹកស៊ីជាមួយគ្នា នៅម្ដុំផ្សាឈូកមាស ហើយក្រោយមកជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូចេញពីផ្ទះជួល លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូបីគ្រឿង មានគ្នា៦នាក់ បានជិះដេញមកពីក្រោយ ហើយមានម៉ូតូមួយ ក្នុងចំណោមបីគ្រឿង បានជិះអែបខាងស្ដាំដៃម៉ូតូជនរងគ្រោះ ហើយក៏បានវាយរូបគេនិងវត្ថុអ្វីម្យ៉ាង បណ្ដាលឲ្យជនរងគ្រោះដួលទៅនិងដី ដោយពួកគេម្នាក់របួសត្រចៀក និងម្នាក់ទៀតរបួសចិញ្ចើម ភ្លាមនោះជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក បានរត់មកលើកម៉ូតូជនរងគ្រោះ ជិះចេញទៅបាត់ដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាភ្នំពេញថ្មី ដើម្បីកំណត់មុខសញ្ញាស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកចាត់ការតាមនីតិវិធី ៕

មតិយោបល់