Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ២នាក់ ដកហូតថ្នាំ១០កញ្ចប់

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន១០កញ្ចប់។ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤ និង៤០នាទី ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ ៧Q ផ្លូវបេតុង ក្រុមទី៦ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១មានឈ្មោះ ងិន ថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងជនសង្ស័យទី២មានឈ្មោះ គឹម ហុក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការនៅរោងពុម្ព ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍មកថាមានករណីប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនខុសច្បាប់ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចុះទៅឃាត់ដល់បន្ទប់ជួល ក៏ឃាត់បានជាក់ស្តែងតែម្តង ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ម៉ាទឹកកកចំនួន១០កញ្ចប់តូច រួមនឹងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញនៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕