ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដេញព័ទ្ធចាប់ខ្លួនបាន កាលពីវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីធ្វើសកម្មភាព បង្កហិង្សាប្រដាប់ដោយដាវកាប់ទៅលើអ្នកភូមិ បណ្តាលឲ្យរងរបួសដេរ២១ថ្នេរ កាលពី១០ថ្ងៃកន្លងទៅ រួចគេចខ្លួនមួយរយៈ វិលមកវិញ ចាប់ខ្លួនបានតែម្តង ។
ជនសង្ស័យឈ្មោះ ពេជ្រ ឌឿន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុ មានស្រុកកំណើត ភូមិកុយត្របែក ឃុំកុយត្របែក ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។
ជនរងគ្រោះឈ្មោះ ថា ស៊ីថុន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្បែរខាងគ្នា មានស្រុកកំណើត ភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល រងរបួស ដៃឆ្វេង៣ថ្នេរ គូថ១៨ថ្នេរ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ខណៈដែលខ្លួនរៀបចេញទៅស្រុកកំណើត អត់មានរឿងអ្វីសោះជាមួយជនល្មើស ស្រាប់តែជនដៃដល់ខាងលើ ប្រើប្រាស់ដាវមកកាប់ត្រូវដើមដៃឆ្វេង រងរបួសហើយ ខ្លួនរត់ចេញ ត្រូវបានជនដៃដល់ ដេញតាមកាប់ពីក្រោយ ត្រូវកំបេះគូថហើយរត់គេចខ្លួនបាត់ ។ ជនរងគ្រោះបន្តទៀតថា ភ្លាមៗត្រូវបានអ្នកជិតខាងនាំទៅពេទ្យ ដៃដេរ៣ថ្នេរ គូថដេរ១៨ថ្នេរ ជនសង្ស័យរត់គេចទៅបាត់ ជនរងគ្រោះ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ស្រាប់តែនៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ឃើញជនសង្ស័យវិលមកនបន្ទប់វិញ រាយការណ៍ប្តឹងប៉ូលិស ចុះទៅតាមចាប់ ជនសង្ស័យគ្រាន់តែក្រឡេកឃើញ កម្លាំងប៉ូលិស រត់ចុះទឹកត្រពាំង ឡោមព័ទ្ធ ចាប់ខ្លួនបាន នាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕
មតិយោបល់