បើតាមការគណនារបស់អង្គការសុខភាពពិភពលោក ចុះផ្សាយនៅក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រ The Lancet ជាមួយនឹងការដំឡើងពន្ធទ្វេមួយជាពីរ បន្ថែមពីលើតម្លៃពន្ធបច្ចុប្បន្ន លើរាល់គ្រប់ភេសជ្ជៈមានជាតិអាល់កុលទាំងអស់ (គ្រឿងស្រវឹង) អឺរ៉ុបអាចបញ្ចៀសក្នុងមួយឆ្នាំៗ មិនឱ្យមានករណីកើតជំងឺមហារីកថ្មីបានដល់ទៅ ១០៧០០នាក់ និងបញ្ចៀសមិនឱ្យស្លាប់ដោយជំងឺមហារីកបាន ៤៨៥០នាក់ ។ បើគិតជាភាគរយ អឺរ៉ុបអាចកាត់បន្ថយអត្រាស្លាប់ដោយជំងឺមហារីក និងកើតជំងឺមហារីកថ្មី ដោយសុរា បានប្រមាណ ៦%។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់អង្គការសុខភាពពិភពលោក។
មិនតែប៉ុណ្ណោះ បើតាមអង្គការសុខភាពពិភពលោកដដែល ការដំឡើងពន្ធ លើគ្រឿងស្រវឹង (ស្រា ប៊ីយ៉ែរ អាល់កុល …) មិនត្រឹមតែជាវិធានការដ៏ល្អប្រសើរ អាចកាត់បន្ថយអត្រាស្លាប់ដោយជំងឺមហារីកបានទេ តែថែមទាំងមានឥទ្ធិពលខ្ពស់ខ្លាំង និងផ្តល់លទ្ធផលវិជ្ជមាននៅក្នុងគ្រប់ប្រទេសទាំងអស់។
សម្រាប់អង្គការសុខភាពពិភពលោក ពន្ធស្រា នាពេលបច្ចុប្បន្ននេះ មានកំរិតទាបណាស់ នៅអឺរ៉ុបទាំងមូល រាប់ទាំងប្រទេសជាសមាជិកសហភាពអឺរ៉ុបផង ដែលការដំឡើងពន្ធអាចជះឥទ្ធិពលខ្លាំងក្លាជាងគេ។ ល្បីខាងទទួលទានសុរាច្រើន រុស្ស៊ី អាល្លឺម៉ង់ និងអង់គ្លេស គឺជាប្រទេសដែលអាចជួយសង្គ្រោះជីវិតពលរដ្ឋបានច្រើនជាងគេ ពីវិធានការដំឡើងពន្ធនេះ។ បើតាមការសិក្សាដដែល វិធានការដំឡើងពន្ធនេះអាចសង្គ្រោះជីវិតមនុស្សបានជាពិសេស ពីជំងឺមហារីកសុដន់ និង មហារីកពោះវៀនធំ។
សូមបញ្ជាក់ថា អាល់កុលឬសុរា ជាភ្នាក់ងារបង្កឱ្យមានជំងឺមហារីក៧ប្រភេទធំៗ គឺជំងឺមហារីកមាត់ ដើមក បំពង់អាហារ ពោះវៀនធំ/ពោះវៀនទ័ល ថ្លើម បំពង់ខ្យល់ (គ្រាប់ពោន)និងសុដន់។ ក្នុងមួយឆ្នាំៗ អឺរ៉ុបរាប់ឃើញមានករណីជំងឺមហារីកថ្មីចំនួន៤,៨លាននាក់។ ក្នុងចំណោមនោះ អ្នកជំងឺ ១,៤លាននាក់ និង អ្នកស្លាប់ចំនួន៦៥ម៉ឺននាក់ មានពាក់ព័ន្ធនឹងការទទួលសុរា។ អ្នកជំងឺ ១៨ម៉ឺនករណី និង អ្នកស្លាប់៨៥០០០ករណី បណ្តាលមកពីស្រាដោយផ្ទាល់តែម្តង៕
មតិយោបល់