ភ្នំពេញៈ យុវជនម្នាក់ស្ម័គ្រចិត្ត ប្រគល់ខ្លួនឲ្យអាជ្ញាធរ យកចូលមណ្ឌលកែប្រែ ព្រោះតែដឹងខ្លួនច្បាស់ថាមានសារធាតុញៀនក្នុងខ្លួន។ ករណីដ៏កម្រមាននេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនខាងលើនេះឈ្មោះ ភន សំប៊ែរ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានស្រុកកំណើតនៅភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
នៅមុនពេលកើតហេតុ គេបានឃើញយុវជនខាងលើ ដើរមកប្រាប់ប៉ូលិសថាខ្លួនបានជក់គ្រឿងញៀន កាលពីយប់ដោយសារខ្លួនផឹកស្រាស្រវឹង ហើយត្រូវបានមិត្តភក្តិបង្ខំឲ្យជក់ លុះដល់ព្រឹកឡើងទៅឲ្យពេទ្យពិនិត្យពេទ្យថាខ្លួនគេមានសារធាតុញៀនក្នុងខ្លួនពិតមែន។
សមត្ថកិច្ចប៉ុស្តិ៍ចោមចៅក៏បានប្រាប់យុវជនខាងលើ ឲ្យទៅជួបមន្ត្រីសាលាសង្កាត់ចោមចៅក្រោយពីជួបមន្ត្រីសាលាសង្កាត់ត្រូវបានមន្ត្រីសាលាសង្កាត់ណែនាំឲ្យទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីពិភាក្សាបន្ត៕
https://youtu.be/Lnb7WfdEHJA
មតិយោបល់