កណ្ដាលៈ បន្ទាប់ពីមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ក្រោមការដឹកនាំរបស់លោកអធិការ ជាមួយការចុះប្រតិបត្តិការផ្ទាល់ពីលោកអធិការរងទទួលផ្នែកព្រហ្មទណ្ឌ ទៅលើករណីឃាតកម្មគិតទុកជាមុន ដោយជនល្មើស បានវាយស្ត្រីវ័យចំណាស់ម្នាក់ រួចរឹតកនឹងក្រម៉ាសម្លាប់នោះ ពេលនេះឃាត់ខ្លួនជនដៃដល់បានហើយ ដែលហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោងប្រហែល ៣ រសៀល កើតហេតុថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចគុម្ពោតព្រៃ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឃួន ឃឿន ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃុំទួលព្រេជ
ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកជនល្មើសឈ្មោះ មុត ម៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជាអតីតអ្នកប្រដាល់ឈ្មោះ ផុល ភាព ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ ពូថៅ១ ស្បែកជើងជ័រសង្រែក១គូរ មួកសំយ៉ាបរបស់ស្រី១ និងក្រម៉ាក្រឡាការ៉ូចំនួន១ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិ ហើយបានឃើញជនល្មើស និងក្មេងៗអាយុ១៤ ទៅ១៥ឆ្នាំ កំពុងប្រើប្រាស់ថ្នាំញៀន នៅក្នុងគុម្ពោតព្រៃ។ ពេលនោះ ជនរងគ្រោះបានស្រែកឡូទ្បា ចំណែកក្មេងបានរត់គេចចេញទៅមុនអស់ ទើបជនល្មើសខឹងបានឈានដល់វាយ និងយកក្រម៉ារឹតកសម្លាប់ជនរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៣០ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។
លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣ និង០៧នាទីរសៀល នៅចំណុចក្នុងគុម្ពោតព្រៃ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំងសម្ថកិច្ចនគរបាលស្រុកអង្គស្នួល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល
សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរកចាប់ខ្លួនជនល្មើស និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធី។
ដោយទ្បែកនៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ ជនរងគ្រោះតែម្នាក់ឯងប្រាកដមែន៕
មតិយោបល់