ព័ត៌មានជាតិ

ជាងអ៊ុតសក់ម្នាក់ ត្រូវចោរឆក់កាបូប យកទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញៈ នារីរូបស្រស់ ដែលជាជាងអ៊ុតសក់ម្នាក់ ត្រូវចោរធ្វើសកម្មភាពឆក់កាបូបយកទៅបាត់ ខណៈដែលកំពុងជិះម៉ូតូតាមផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចមុខផ្សារញូថោន ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូ ក្នុងទិសដៅពីលិចទៅកើត លុះដល់ ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿង តាមពីក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយ មួយទៅបាត់ដោយសុវត្ថិភាព។

នារីរងគ្រោះបានបន្តថា នៅក្នុងកាបូបនោះ មិនមានលុយច្រើននោះទេ គឺមានតែបន្តិចបន្តួច ប៉ុណ្ណោះ ព្រមទាំងទូរសព្ទដៃចំនួន២គ្រឿងផងដែរ។ ហើយនាងមិនបានប្ដឹងសមត្ថកិច្ចភ្លាមៗនោះឡើយ ក្រោយពេលកើតហេតុនាងបានជិះម៉ូតូទៅផ្ទះដេករហូតភ្លឺ ហើយនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបធ្វើដំណើរទៅកាន់ ប៉ុស្ដិ៍នគរបាលចោមចៅ ដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីខាងលើនោះឈ្មោះ ហេង លក្ខិណា អាយុ៣០ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ១០ C១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សំណាង ណាស់ដែលនៅក្នុងខណៈនោះ នាងមិនបានដួលម៉ូតូ បណ្ដាលឲ្យនាងមានគ្រោះថ្នាក់ ហើយនាងទៅប្តឹង នគរបាលព្រោះតែមានការព្រួយបារម្ភ ខ្លាចជនសង្ស័យយកលេខទូរសព្ទរបស់នាង ទៅប្រើប្រាស់ក្នុងបទល្មើសអ្វីមួយនាំឲ្យនាងមានទោស៕

https://youtu.be/kUiJfZ1bOfQ

មតិយោបល់