កណ្តាលៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូប្រជាពលរដ្ឋបានសម្រេច ហើយព្យាយាមរត់គេចខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ណុំ ចំរើន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ម៉ៅ សីហា ហៅពៅ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិពាប ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅតាមផ្ទះសំណាក់សូរិយាម៉ល រាជធានីភ្នំពេញ ។ រីឯជនសង្ស័យដែលគេចខ្លួនមានឈ្មោះ ទី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅតាមផ្ទះសំណាក់ ។
ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CT-7406 ,ដែកចុងស្រួចសម្រាប់កាច់សោកម៉ូតូ ចំនួន១ផងដែរ។
នៅមុនពេលកើតហេតុជនរងគ្រោះ បានយកម៉ូតូរបស់ខ្លួនទុក នៅក្នុងរោងកាហ្វេដោយពុំបានដកសោម៉ូតូទេ ហើយមកអង្គុយនៅសំយ៉ាបផ្ទះ ពេលនោះស្រាប់ឃើញជនសង្ស័យបានចូលទៅលួចម៉ូតូជនរងគ្រោះ ហើយជិះចេញទៅទិសខាងជើង ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ស្រែកឆោឡោ និងទាញម៉ូតូជិះដេញតាមព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ច ចេញពួនស្ទាក់ តែពេលពួនស្ទាក់នោះ ជនសង្ស័យបានគេចរួច ទើបកម្លាំងបន្តដេញតាមដោយមានកិច្ចសហការជាមួយកម្លាំងអធិការខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការស្ទាក់ចាប់ជនសង្ស័យបានម្នាក់ រួមទាំងវត្ថុតាងម៉ូតូ១គ្រឿង របស់ជនរងគ្រោះ និង ដែកសម្រាប់កាច់សោកម៉ូតូចំនួន១ ផងដែរ
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការនគរបាលស្រុក ដើម្បចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់