ភ្នំពេញៈ អ្នកយកព័ត៌មានវ័យក្មេង ប្រចាំទូរទស្សន៍CNC និងកាសែតរស្មីកម្ពុជាម្នាក់ ត្រូវបានរថយន្តបាញ់បេតុង កិនធ្លាយខួរស្លាប់ទាំងមួកសុវត្ថិភាពយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីសុវត្ថិ (មាត់ទន្លេ) សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្រូយ នីកា ភេទប្រុស អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅឃុំស្រែសង្គម ស្រុកកោះញ៉េក ខេត្តមណ្ឌលគីរី បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៥៨ CZ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានមុខរបរអ្នកយកព័ត៌មានទូរទស្សន៍CNC និងកាសែតរស្មីកម្ពុជា ។
ជនរងគ្រោះបានធ្វើដំណើរតែម្នាក់ឯងដោយជិះម៉ូតូម៉ាកស៊ុយសាគីលែត ពាក់ស្លាកលេខ ភ្នំពេញ 1CV-2511 រីឯរថយន្តបង្កប្រភេទរថយន្តបាញ់បេតុងស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A-0899 បើកបរដោយបុរសម្នាក់ (ឃាត់តៃកុងបាន) ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះបានជិះម៉ូតូ ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសជាមួយរថយន្តបង្ក លុះមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានទាក់ដៃចង្កូតជាមួយរថយន្ត បណ្តាលឲ្យដួលម៉ូតូ ខ្ទាតជនរងគ្រោះដួលទៅលើដងផ្លូវ ដោយក្បាលចូលក្រោមចន្លោះពាក់កណ្តាលរថយន្ត កិនបែកខ្ទេចទាំងមួកសុវត្ថិភាពតែម្តង ។
ដោយឡែកប្រភពពីក្រុមការងារធ្លាប់ស្គាល់ជនរងគ្រោះបាននិយាយថា ជនរងគ្រោះទើបចេញ ពីការចូលរួមពិសាភោជនីយអាហារ អាពាហ៍ពិពាហ៍មិត្តរួមអាជីពនៅកោះពេជ្រ។ រថយន្តបង្ក និងអ្នកបើកបរសមត្ថកិច្ចឃាត់បាន ។
ក្រោយពេលកើតហេតុ ចំណែកអ្នកបើករថយន្តបាញ់បេតុង បង្កហេតុខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់។ ចំណែករថយន្តនិងម៉ូតូត្រូវបាន សមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ឯសពវិញត្រូវបានក្រុមគ្រួសារយកទៅតម្កល់ទុកនៅវត្តអង្គតាមិញដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់