ព័ត៌មានជាតិ

សង្ស័យរថយន្តបុក!ម៉ូតូPCXរ៉េចង្កូតបុកខឿនផ្លូវហោះផ្លោងអ្នកបើកចេញពីលើម៉ូតូទៅបុករបងផ្ទះរបស់គេបណ្តាលឲ្យស្លាប់!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជិះម៉ូតូPCX មួយគ្រឿង ល្បឿនយ៉ាងច្រើន ខណ:មកដល់ផ្លូវបែកជាបួន ក៏រ៉េចង្កូតម៉ូតូជ្រុលទៅបុកខឿនផ្លូវពេញទំហឹង បណ្តាលឲ្យហោះផ្លោងចេញពីម៉ូតូ ទៅបុករបងផ្ទះប្រជាពលរដ្ឋ ដេកដួលក្នុងថ្លុកឈាម ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗតែមិនជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ ថ្ងែទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៩១ កែងនិងផ្លូវលេខ៥៤៨ នៅក្រោយសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GG- 6696 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៩១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុ ក្រោយសាលាបឋមសិក្សាទួលគោក ម៉ូតូខាងលើក៏រ៉េចង្កូតម៉ូតូជ្រុលទៅបុកខឿនផ្លូវ បណ្តាលឲ្យហោះផ្លោងអ្នកបើកបរចេញពីម៉ូតូ ទៅបុករបងផ្ទះប្រជាពលរដ្ឋ ដេកក្នុងថ្លុកឈាម ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។

ប្រភពដដែលបន្ថែមថា ក្នុងករណីនេះ ពេលដែលកើតហេតុភ្លាមៗ គេបានឃើញរថយន្តមួយគ្រឿងមិនចាំម៉ាក បើកបរយ៉ាងលឿន ចេញពីកន្លែងកើតហេតុ ដោយប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានសង្ស័យថា ករណីនេះគឺរថយន្តខាងលើបុកម៉ូតូPCX ពីក្រោយ ហើយបានបើករត់គេចខ្លួនពីកន្លែងតែម្តង ។

ក្រោយពេលកើតហេតុបុរសរងគ្រោះខាងលើ ពេលដែលបញ្ចូនទៅដល់មន្ទីពេទ្យ ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយក៕

មតិយោបល់