ព័ត៌មានជាតិ

ឈើជន្លង់ម្រេច នៅខេត្តមណ្ឌលគិរី កំពុងរងការកាប់បំផ្លាញ ស្ទើររលាយទាំងស្រុង

មណ្ឌលគិរី : ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគីរី បានបង្ហាញក្តីបារម្ភពីការកាប់បំផ្លាញ ឈើជន្លង់ម្រេច ស្ទើររលាយសាបសូន្យ អស់ទៅហើយ អាជ្ញាធរ មិនមានការទប់ស្កាត់។

ក្ដីបារម្ភនេះ នៅថ្ងៃទី២ឧសភា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋ បានិយាយថា ឈើផ្ចឹកដែលគេយកធ្វើជាជន្លង់ម្រេច នៅខេត្តមណ្ឌលគិរីកំពុងរងនូវការកាប់បំផ្លាញ។

ពលរដ្ឋ បន្តថា រាល់ថ្ងៃ មានឡានធំៗ ដឹកយកឈើផ្ចឹក ដែលជាជន្លង់ម្រេច ចេញទៅក្រៅប្រទេស តែអាជ្ញាធរ មិនដែលឃើញចាប់នោះទេ។ តែបើចាប់ ក៏ដោះលែងវិញដែរ ជាក់ស្ដែង កាលពីយប់ថ្ងៃទី១មេសា មេព្រៃខេត្តមណ្ឌលគិរី បានឃាត់រថយន្តប្រភេទយីឌុបដឹកឈើមួយគ្រឿងនៅតាមបណ្តោយ ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចជិតអូរទេរភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានមួយចម្អិនកំពឹស ក៏ដោះលែងទៅវិញ។

ប្រជាពលរដ្ឋ បានលើកឡើងថា រថយន្តយីឌុបខាងលើដែលមន្ត្រីជំនាញឃាត់បានតែមួយដង្ហើមចង្រិតនោះគឺ ដឹកឈើប្រភេទជន្លង់ម្រេចពេញទ្រុង អាចមានចំនួនប្រមាណ៣០ម៉ែត្រគូប។ ហើយត្រូវបានស្ទាក់ឃាត់ដោយលោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីម្នាក់ ក្រោយការចាប់ឃាត់បានបន្តិច រថយន្តដឹកឈើខាងលើ មិនត្រូវបានមន្ត្រីបញ្ជាក់ថា មានច្បាប់ឬអត់ច្បាប់ទេ ក៏ដោះលែងទៅវិញ។

ពលរដ្ឋ បន្ដថា ទន្ទឹមនឹងការរឹតបណ្តឹងចំពោះការកាប់បំផ្លាញព្រៃឈើកំពុងត្រូវបានដាក់ឲ្យអនុវត្តទូទាំងប្រទេសកម្ពុជា បែរជានៅខេត្តមណ្ឌលគិរី ការបាត់បង់ប្រភេទឈើម្យ៉ាងឈ្មោះឈើ ផ្ចឹក ដែលគេនិយមយកធ្វើជាជន្លង់ ម្រេច ត្រូវកាប់បំផ្លាញទៅវិញ។ អ្នកព័ត៌មានយើងមិនអាចសុំការ បំភ្លឺពីលោក វង់ សុខសេរី នាយខណ្ឌរដ្ឋព្រៃឈើមណ្ឌលគិរី បាននៅឡើយទេ ពីបញ្ហានេះ៕

wood020516 (1) wood020516 (2) wood020516 (3)

មតិយោបល់