ព័ត៌មានជាតិ

Update: ចាប់បានស្រេច! ឃាតករ កាប់សម្លាប់ក្មេងប្រុសម្នាក់យ៉ាងព្រៃផ្សៃ ហើយប្លន់យកម៉ូតូ

ត្បូងឃ្មុំ៖ ក្មេងប្រុសទើបតែអាយុ១៤ឆ្នាំម្នាក់ ត្រូវបានឃាតករ ដែលជាជនញៀនថ្នាំ យកកាំបិតខ្វែវកាប់ប្រហារ បណ្ដាលឲ្យដាច់ក ស្លាប់បាត់បង់ជីវិតនៅក្បែរគុម្ពឫស្សី ហើយប្លន់យកម៉ូតូ១គ្រឿង ខណៈពេលដែលជនរងគ្រោះ នៅផ្ទះតែម្នាក់ឯង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៥៥នាទីល្ងាច ថ្ងៃទី៩ឧសភា២០១៦ ស្ថិតនៅក្នុងភូមិចង្គុំស្ពាន ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះវី សុខា អាយុ១៤ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះនៅផ្ទះតែម្នាក់ឯង ដោយមិនបានទៅចំការជាមួយម្តាយនោះទេ ដែលជនរងគ្រោះបាត់ចេញពីផ្ទះតាំងពីវេលាម៉ោងជាង៩ព្រឹក ហើយក្រុមសាច់ញាតិបាននាំគ្នាដើររក រហូតដល់វេលាម៉ោង៥ល្ងាច ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះ ត្រូវឃាតករកាប់ដាច់ក ដេកស្លាប់នៅចំងាយពីផ្ទះជាង៥០ម៉ែត្រ មានកាំបិតខ្វែវ១ ប្រឡាក់ដោយឈាមនៅក្បែរសព ហើយម៉ូតូជនរងគ្រោះក៏ត្រូវបាត់បង់ផងដែរ។

ក្រោយពីមានករណីប្លន់កើតឡើង សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ឧសភានេះ ដែលជនសង្ស័យមានឈ្មោះណា នួន ភេទប្រុស អាយុ២៣ឆ្នាំ ដែលជាជនប្រើប្រាស់គ្រឿងញៀន មានទីលំនៅចម្ងាយពីផ្ទះក្មេងប្រុសរងគ្រោះ ប្រមាណជា៥០ម៉ែត្រ។

បន្ទាប់ពីធ្វើសកម្មភាពប្លន់រួច ជនសង្ស័យបានយកម៉ូតូម៉ាកវ៉េវ១គ្រឿង ដែលប្លន់ពីជនរងគ្រោះ គឺយកទៅបញ្ចាំ នៅម្តុំ កាស៊ីណូត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប៉ុន្តែដោយគ្មានឯកសារគ្រប់គ្រាន់ កន្លែងបញ្ចាំគេមិនទទួល ជនសង្ស័យក៏យកទៅលាក់ទុកក្នុងព្រៃ។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់ ៕

boyphoto_2016-05-10_17-16-05photo_2016-05-10_17-16-03photo_2016-05-10_17-16-07

មតិយោបល់