ព័ត៌មានជាតិ

បិតា​នុយក្លេអ៊ែរ​របស់​ប៉ាគីស្ថាន​បាន​ទទួល​មរណភាព ក្នុង​អាយុ ៨៥ឆ្នាំ

កើត​នៅ​ទីក្រុង​បូផល Bhopal នៅថ្ងៃទី ១ មេសា ឆ្នាំ ១៩៣៦ ពោល​គឺ​នៅ​១១​ឆ្នាំ​មុន អាណាចក្រ​អង់គ្លេស សម្រេចពុះ បំបែក​ទឹកដី ឥណ្ឌា និង​ប៉ាគីស្ថាន (នៅ​ឆ្នាំ ១៩៤៧) លោក អាប់ឌុល កាឌៀរ ខាន់ បាន​ទទួល​សញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្ត​នៅ​ឆ្នាំ ១៩៦០ នៅ​សកលវិទ្យាល័យ ការ៉ាឈី ប្រទេស​ប៉ាគីស្ថាន។ លោក​បាន​ទៅ​បន្ត​ការសិក្សា បន្ថែម នៅ​ទីក្រុង​ប៊ែរឡាំង នៅប្រទេស​ហូឡង់ និង​នៅ​ប៊ែលហ្ស៊ិក។

នៅពេល​ត្រលប់​ចូល​ប្រទេសវិញ លោក​លោក អាប់ឌុល កាឌៀរ ខាន់ ត្រូវ​បាន​នាយករដ្ឋមន្រ្តី​សម័យ​នោះ Zulfikar Ali Bhutto តែងតាំង​ជាប្រធាន​កម្មវិធី​ចម្រើនសារធាតុ​អ៊ុយរ៉ាញ៉ូម​ជាតិ។ ស្នាដៃ និង​ការចូលរួម​សំខាន់​របស់​លោក អាប់ឌុល កាឌៀរ ខាន់ នៅក្នុង​កម្មវិធី​នុយក្លេអ៊ែរ​ប៉ាគីស្ថាន គឺ​ការបង្កើត​ម៉ាស៊ីនប្រតិករ ដែល​អាច​ចម្រើនសារធាតុ​អ៊ុយរ៉ាញ៉ូម ក្នុង​កម្រិត​មួយខ្ពស់ ដើម្បី​ផលិតអាវុធ​នុយក្លេអ៊ែរ។ ប្រទេស​ហូឡង់​ផ្ទាល់ ធ្លាប់​បាន​ចោទប្រកាន់​ លោក អាប់ឌុល កាឌៀរ ខាន់ ថា បាន​លួច​យក​បច្ចេកវិទ្យានេះ នៅពេល​លោក​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​នុយក្លេអ៊ែរ​អង់គ្លេស នៅទឹកដី​ហូឡង់។

នៅ​១៩៧៨ ក្រុមអ្នកវិទ្យាសាស្រ្ត​ដឹកនាំ​ដោយ លោក អាប់ឌុល កាឌៀរ ខាន់​បាន​សម្រេច​ជោគជ័យ​ក្នុង​ការចម្រើនសារធាតុ​អ៊ុយរ៉ាញ៉ូម និង​បាន​ប្រកាស​ត្រៀមខ្លួន​បំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ លើកទី១​របស់​ប៉ាគីស្ថាន នៅ​ឆ្នាំ ១៩៨៤។

គេត្រូវ​រង់ចាំ រហូត​ដល់​ឆ្នាំ ១៩៩៨ ទើប​ប៉ាគីស្ថាន​បាន​ក្លាយ​ជាមហាអំណាច​នុយក្លេអ៊ែរ​ផ្លូវការ បន្ទាប់ពី​ប៉ាគីស្ថាន​សាកល្បង គ្រាប់បែក​នុយក្លេអ៊ែរ ជា​លើកទី១ ដើម្បី​ឆ្លើយតប​នឹង​ឥណ្ឌា បងប្អូនសត្រូវ​របស់​ប៉ាគីស្ថាន ដែលទើប​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ កាលពីប៉ុន្មានថ្ងៃមុន។

លោក អាប់ឌុល កាឌៀរ ខាន់​ធ្លាប់​និយាយថា ប៉ាគីស្ថាន​មិន​ចង់​មាន​អាវុធ​នុយក្លេអ៊ែរនោះទេ។ ប៉ុន្តែ ប៉ាគីស្ថាន “ត្រូវ​បង្ខំ​ចិត្ត​ផលិតវាឡើង”។

ការចូលរួមចំណែក​របស់​លោក អាប់ឌុល កាឌៀរ ខាន់ ដែល​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរមួយ​ក្នុង​លោក (មហាអំណាច​នុយក្លេអ៊ែរ មាន​៩ ក្នុង​ពិភពលោក)​ បានធ្វើ​ឲ្យ​ ​លោក អាប់ឌុល កាឌៀរ ខាន់ ក្លាយ ជា​វីរបុរស​ជាតិ ក្នុងក្រសែភ្នែក​ប្រជាជន​ប៉ាគីស្ថាន។

ប៉ុន្តែ សម្រាប់​ប្រទេស​លោកខាងលិច លោក អាប់ឌុល កាឌៀរ ខាន់ ជាអ្នកវិទ្យាសាស្រ្ត​ដ៏គ្រោះថ្នាក់ ព្រោះ​លោក​បាន​ចែករំលែក កម្មវិធី​នុយក្លេអ៊ែរ​ជាមួយ​ប្រទេសមានគំនិត​មិនល្អ ដូចជា អ៊ីរ៉ង់ កូរ៉េខាងជើង និង​លីប៊ី ក្នុង​អំឡុង​ឆ្នាំ ១៩៩០។ នៅ​ឆ្នាំ ២០០៤ នៅក្រោយ ទីភ្នាក់ងារ​ថាមពល​បរិមាណូ អន្តរជាតិ ដាក់បញ្ចូល ឈ្មោះ អ្នកវិទ្យាសាស្រ្ត ប៉ាគីស្ថាន​ក្នុង​បញ្ជីខ្មៅ លោក​បិតា​នុយក្លេអ៊ែរ ខាន់ បាន​ទទួលស្គាល់ថា លោកពិតជាបាន​ចែកចាយ​សកម្មភាពនុយក្លេអ៊ែរ​ទៅបរទេស។ នៅឆ្នាំដដែល លោក​ត្រូវ​បាន​តុលាការ​ប៉ាគីស្ថាន ចេញបញ្ជា​ឲ្យ​ជាប់ឃុំ​ក្នុងគេហដ្ឋាន មុននឹង​ត្រូវ​សេនាប្រមុខ លោក​Pervez Musharraf លើកលែង​ទោស នៅ​ឆ្នាំ ២០០៩។ ប៉ុន្តែ ក្រោយ​ដោះលែង ឲ្យមានសេរីភាព ឡើងវិញ លោក​អាប់ឌុល កាឌៀរ ខាន់ នៅតែត្រូវ​ស្ថិតនៅក្រោម​ការយាម ការពារ សុវត្ថិភាព ដ៏តឹងតែងបំផុត។ លោក​អាប់ឌុល កាឌៀរ ខាន់​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​អាទិត្យ។ លោក​ជាអ្នកវិទ្យាសាស្រ្ត​ដ៏ចម្រូងចម្រាស សម្រាប់​អន្តរជាតិ ប៉ុន្តែ សម្រាប់​ប្រជាជន​ប៉ាគីស្ថាន លោក​ជា​វីរបុរសជាតិ និង​នៅតែ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ប្រជាជន​ប៉ាគីស្ថាន។ ឈ្មោះរបស់លោកត្រូវ​បាន​គេប្រើ​សម្រាប់​ដាក់​ឈ្មោះ​សាលារៀន មន្ទីរពេទ្យ ចំណែក​មុខ​របស់​លោក​ត្រូវ​បាន​គេ​បិទផ្សាយ លើ​ទំនិញ វិបសៃតិ៍ នៅ​ប៉ាគីស្ថាន៕

 

មតិយោបល់