ព័ត៌មានជាតិ

ទំនាក់ទំនងអាមេរិក កាន់តែល្អជាមួយអឺរ៉ុប

អាមេរិកៈ ឯកអគ្គរដ្ឋទូត​​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រ​ជា​ជាតិ​ លោកស្រី Nikki Haley បាន​និយាយ​កាល​ពី​អង្គារ​ថា ​សហរដ្ឋ​អាមេរិក​ បាន​តាំង​ចិត្ត​ធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប ​ថ្វីបើ​មានការ​ខ្វែង​គំនិត​គ្នា ក្នុងករណីមួយចំនួន​ក៏ដោយ។ នេះបើយោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

លោកស្រី​ Haley ក៏បានហៅ​អង្គការ​អូតង់​ជាសម្ព័ន្ធមិត្ត​ដ៏​ខ្លាំង​បំផុត ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ហើយ​បាន​និយាយ​បន្ត​ទៀត​ថា ​សហរដ្ឋ​អាមេរិក​ កំពុង​ធ្វើ​ការ​ដើម្បី​ឲ្យ​អង្គការនេះកាន់​តែ​ខ្លាំង​ឡើង។

សេចក្តីអត្ថាធិប្បាយ​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ស្រដៀ​ទៅនឹងការ​អត្ថាធិ​ប្បាយ ​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក​អនុប្រធានា​ធិបតី​អាមេរិកលោក Mike Pence កាល​ពី​ថ្ងៃ​ចន្ទ ​នៅពេល​ដែល​លោក ​បាន​ប្រាប់​លោក Jens Stoltenbergអគ្គលេខាធិការ​អង្គការ​អូតង់ថា ​សហរដ្ឋ​អាមេរិក ​បាន​តាំងចិត្ត​ការពារ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់ ​ក៏ប៉ុន្តែប្រទេស​ផ្សេងទៀតក៏​ចាំបាច់​ចែក​រំលែក​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​នៃការ​ចំណាយ​ខាង​វិស័យ​ការពារ​ប្រទេសដែរ។

លោក​អនុប្រធានា​ធិបតី​អាមេរិក Mike Pence បាន​ប្រកាស​ពីរដ្ឋបាល​ថ្មី ​នៅ​ក្រោម​ប្រធានា​ធិបតីដូណាល់ ​ត្រាំ​ថា យើង​មាន​បំណង​បង្កើន​ការចំណាយ​ខាង​ការពារ​ប្រទេស​របស់​យើង៕

លោកស្រី Nikki Haley

មតិយោបល់