ភ្នំពេញ:មុននេះបន្តិចនារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា សមត្ថកិច្ចបានកំណត់មុខសញ្ញា ក្រុមប្លន់ (Hacker) វេបសាយ សម្តេចតេជោ ហ៊ុន សែន www.samdechhunsen.gov.kh ដែលអាចឈានដល់ការចាប់ខ្លួនក្នុងពេលឆាប់ៗ។
យោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនកាលពីម្សិលមិញឲ្យដឹងថាកាលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ ម៉ោងប្រមាណ០៤៖១២ព្រឹក មានក្រុមចោរប្លន់វេបសាយ (Hacker) បានចូលមកប្លន់ (Hacked) វេបសាយ សម្តេចតេជោ ហ៊ុន សែន www.samdechhunsen.gov.kh ដោយបានលួចប្តូររូបភាព និងបានលួចប្តូរដាក់សារសម្លេង ជាភាសាខ្មែរ តាមទ្រង់ទ្រាយ HACKER ដែលបានបំផ្លាញកិត្តិយស សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបង្ក ការរំខាន និងធ្វើឲ្យបាត់បង់ទិន្ន័យមួយចំនួនធំ នៅក្នុងវេបសាយផងដែរ។
សម្តេហ៊ុន សែន បានបញ្ជាក់ថា៖ «នេះជាបទឧក្រិដ្ឋផ្នែក ព័ត៌មានវិទ្យា ដែលជនល្មើសបានប្រព្រឹត្តិដោយចំហរ មកលើទំព័រផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា។ ភស្តុតាងទាំងនេះ គឺជាទង្វើមិនអាចប្រកែកបានរបស់ក្រុមបក្សប្រឆាំងដែលតែងតែរិះរកវិធីទុច្ចរិត គម្រក់ៗគ្រប់យ៉ាងធ្វើការ វាយប្រហារមកលើ សម្តេចតេជោ ហ៊ុន សែន។ ជនល្មើសទោះបីមានប្រភពមកពីណាក៏ដោយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាតិ និងអន្តរជាតិ»។
នៅពេលនេះក្រុមជំនាញស្រាវជ្រាវឧក្រិដ្ឋកម្មព័ត៌មានវិទ្យា (IT Crimes) របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងស្រាវជ្រាវរកប្រភពជនល្មើស HACKER យកមកផ្តន្ទារទោសតាមច្បាប់ជាធរមាន៕
មតិយោបល់