ព័ត៌មានជាតិ

លួចម៉ូតូគេបានហើយ ចង្រៃអីអស់សាំងបណ្តើរ ត្រូវម្ចាស់គេក្របួចបានទាំង២នាក់

ភ្នំពេញ: ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចកាច់សោក ម៉ូតូបានសម្រេច តែមួយថ្ងៃ តែចង្រៃអីអស់សាំងបណ្តើរ ត្រូវបានម្ចាស់ម៉ូតូប្រទះឃើញក៏ក្របួច ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៩និង៣០នាទី ព្រឹក ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៧ នៅផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ខៀវ ទិត្យ ភេទប្រុស អាយុ១៦ឆ្នាំ និងទី២ឈ្មោះ ចាន់ រ៉ាត់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំរោងចក្រ ខាងក្រោយផ្ទះសំណាក់ស្រែលាភ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រីឯនារីរងគ្រោះជាម្ចាស់ម៉ូតូម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FJ-0709 មានឈ្មោះ ស្រីខួច ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យោងតាមសម្តីរបស់នារីរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៧ ម៉ោង៧និង៣០នាទី នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាងបានទុកម៉ូតូនៅខាងក្រោមផ្ទះជួលខាងលើ ដោយរៀបចេញទៅធ្វើការងារនៅក្រុមហ៊ុន នៅម៉ោង៨និង៣០នាទីថ្ងៃដដែល ស្រាប់តែចេញមកមិនឃើញម៉ូតូ ហើយក៏សុំឆែកកាមេរ៉ាសុវត្ថិភាព ក៏ឃើញដូចមានជនសង្ស័យចូលលួចមែន។

នាងបន្តថា នៅផ្ទះជួលខាងលើទើបតែសមត្ថកិច្ចក្របួចជសង្ស័យគាស់បន្ទប់រំលងបានតែ២ថ្ងៃប៉ុណ្ណោះ ពេលនេះបែរជាមានចោរលួចម៉ូតូទៀត ។

ក្រោយពេលថ្ងៃកើតហេតុបានមួយថ្ងៃ មិត្តភក្តិរបស់នារីរងគ្រោះបានប្រទះឃើញជនសង្ស័យចំនួន២នាក់ ដែលកំពុងបណ្តើរម៉ូតូនៅម្តុំរោងចក្រឆ្នាំង ក៏បានទូរសព្ទ ទៅប្រាប់នារីរងគ្រោះ និងសមត្ថកិច្ច ចុះមកធ្វើការឃាត់ខ្លួនជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននរគបាលខណ្ឌមានជ័យ ដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ចំណែកម៉ូតូសមត្ថកិច្ចក៏ប្រគល់ជូននារីជនរងគ្រោះវិញ៕

មតិយោបល់