ព័ត៌មានជាតិ

ចូលក្នុងផ្ទះរបស់គេបម្រុងលួច មិនសម្រេច ត្រវម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ លួចចូលទៅក្នុងផ្ទះរបស់គេ ប្រុងនឹងធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ មិនសម្រេចត្រូវបានបុរសជាម្ចាស់ផ្ទះមកទាន់ ឃាត់ខ្លួនមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ និង១៥នាទី ព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះលេខ៤៦២ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ហេង ប៊ុនលាភ អាយុ២៣ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីបុរសជាម្ចាស់ផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងតែនៅក្នុងបន្ទប់ ដើម្បីរៀបចំខ្លួនចេញទៅធ្វើការ ក៏ស្រាប់តែបានប្រទះឃើញបុរសជាជនសង្ស័យខាងលើ កំពុងតែធ្វើសកម្មភាពរើកកាយអីវាន់ នៅក្នុងផ្ទះ ទើបឃាត់ខ្លួន និងយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់តែម្តង។

ក្រោយពេលធ្វើការសាកសួរ និងកំណត់ហេតុ បុរសជនសង្ស័យរួចមក សមត្ថកិច្ចបានធ្វើការបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់