បាត់ដំបងៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុករតនមណ្ឌល ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចែកចាយគ្រឿងញៀនជាក់ស្តែង កាលពីម៉ោង៥៖១៥ នាទីល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ប្រភពឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះ រ៉េត បូរិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិ ភ្ជាវ ឃុំ ត្រែង ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង ដោយឆែករកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួនមួយកញ្ចប់ ដែលជនសង្ស័យបានលាក់ទុកនៅក្នុងខោលីអូរ ដោយថ្នាំញៀននេះមានទម្ងន់ ១,៧៧ ក្រាម ។ បន្ទាប់ពីបានធ្វើការសាកសួររួចមក សមត្ថកិច្ចបានបន្តឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀត មានឈ្មោះ ឈឹម កុសល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុក រតនមណ្ឌលខេត្តបាត់ដំបង ដែលជាបក្ខពួកតែមួយព្រមទាំងបានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១៨កញ្ចប់ មានទម្ងន់ ៥,៦៤ ក្រាម ទូរស័ព្ទ០៤គ្រឿង។
នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ គឺកំលាំងបានឃាត់ខ្លួនមនុស្សបានជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាង គឺគ្រឿងញៀនម៉ាទឹកកក១៩កញ្ចប់ មានទម្ងន់សរុប ៧,៤១ក្រាម ទូរស័ព្ទដៃ០៤គ្រឿង និងម៉ូតូ០១គ្រឿងម៉ាកMSX ពណ៌ស គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០១៤។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូបានកម្លាំងការិយាល័យជំនាញ បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់