ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួននារី២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

កណ្តាល: ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន ៣កញ្ចប់ធំ ជាប់នឹងខ្លួន។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១១និង ៣០នាទី រសៀលថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ អ៊ុង ស្រីនាថ ហៅនិត ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់ថ្នាំញៀន ស្នាក់នៅភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជនសង្ស័យទី២ឈ្មោះ អ៊ុង ស្រីនិច្ច ភេទស្រី អាយុ១៥ឆ្នាំ មុខរបរលក់ថ្នាំញៀន ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

ដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក)ចំនួន៣ កញ្ចប់ធំ និងឧបករណ៍វេចខ្ចប់ ប្រើប្រាស់មួយចំនួន ,ទូរសព្ទ ចំនួន១ គ្រឿង ម៉ាក ណូគាអ៊ិនចុចពិល, ម៉ូតូ១ គ្រឿង ម៉ាក ស៊ុយសាគី ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-4922 និងកាបូបស្ពាយ ១ពណ៌ ស្វាយលាយ ផ្កាឈូក។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ
ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញជនសង្ស័យទាំង២នាក់ កំពុងជិះម៉ូតូមួយគ្រឿង ក៏ត្រួតពិនិត្យ រកឃើញគ្រឿងញៀន ម៉ាទឹកកកចំនួន ៣ កញ្ចប់ធំ នៅនឹងខ្លួន របស់ឈ្មោះ អ៊ុង ស្រីនាថ ចំនួន១កញ្ចប់ និងក្នុងកាបូបស្ពាយចំនួន២កញ្ចប់ ទើបឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ តុលការ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់