ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៧នាក់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាក បានឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៧នាក់ ដកហូតថ្នាំញៀនចំនួន ៣កញ្ចប់តូចធំ កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលស្ថិតនៅត្រង់ចំណុចផ្ទះលេខ២៩៧ ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ០៧នាក់នោះ ទី១-ឈ្មោះ ឡេ ធីចាង ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ (ជួញដូរ) មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ទី២-ឈ្មោះ ង្វៀង ធីឡង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា (ជួញដូរ) មានទីលំនៅក្រុម៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ទី៣-ឈ្មោះ ឡេ យុាំងធឹង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ត្រី (ជួញដូរ) ទីលំនៅក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ទី៤-ឈ្មោះ កែវ សារ៉ាត់ ហៅ តូ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ទីលំនៅក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ទី៥-ឈ្មោះ ពេញ លីណេង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ (ប្រើប្រាស់) មានទីលំក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក ទី៦-ឈ្មោះ ម៉ាន់ មេត្តា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) មានទីលំនៅផ្សាតាប៊ុន ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក និងទី៧-ឈ្មោះ សាំង រ៉ាវី ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) មានទីលំនៅផ្ទះជួល ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ៣កញ្ចប់ គឺតូច២កញ្ចប់ និងធំ ១កញ្ចប់ ជាប្រភេទម៉ាទឹកកក, ថ្លង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដាវសាំម៉ូរ៉ៃចំនួន ១ដើម, ដបសម្រាប់ជក់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះដែរ គឺកម្លាំងសមត្ថកិច្ច បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក នឹងដោយមានការសម្របសម្រួលពីលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែងខាងលើនេះ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៧នាក់ ដកហូតថ្នាំញៀន ៣កញ្ចប់តូចធំ នឹងឧបករណ៍ប្រើប្រាស់មួយចំនួន។ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៧នាក់ខាងលើរួចមក សមត្ថកិច្ចបានបញ្ជូនមកប៉ុស្តិ៍ស្វាយប៉ាក ដើម្បីធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី ៧នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានៅភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់