ព័ត៌មានជាតិ

ចុះបង្ក្រាបគ្រឿងញៀន ដកហូតបានតែថ្នាំញៀនជាង១០កញ្ចប់ មនុស្សរត់បាត់

កណ្តាល: សមត្ថកិច្ច ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនមួយកន្លែង ដកហូតបានថ្នាំញៀនជាង ១០កញ្ចប់ តែជនសង្ស័យដែលជាម្ចាស់គ្រឿងញៀនវិញ រត់គេចខ្លួនបាត់។

ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤១ ភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលគេចខ្លួនខាងលើ មានឈ្មោះ ខេង ភារី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃចម្ការ ឃុំលំហាច ស្រុកអង្ត្តស្នួល ខេត្តកណ្តាល។ ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យសារធាតុញៀន ចំនួន១២កញ្ចប់មធ្យម រួមនឹងថង់មិនទាន់ច្រកថ្នាំញៀនចំនួន២២ថង់ ។

មុននឹងឈានដល់ការចុះបង្ក្រាបខាងលើ កងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានធ្វើការចុះល្បាតដោយមានការបញ្ជា ពីលោក ស្នងការនគរ
បាលខេត្ត ស្នងការរងទទួលបន្ទុក និងមានការឯកភាពពីលោកព្រះរាជអាជ្ញាខេត្តកណ្តាល ក៏ប្រទះឃើញមុខសញ្ញាសង្ស័យ ក៏ឃាត់ជនសង្ស័យដើម្បីត្រួតពិនិត្យ តែពេលនោះជនសង្ស័យជិះម៉ូតូម៉ាកឃ្លីក ពណ៌ស គ្មានស្លាកលេខ រត់គេចខ្លួនដោយទម្លាក់ចោលនៅម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន១២កញ្ចប់តែម្តង។

ដោយការបង្ក្រាបនេះ មានការចូលរួម ពីលោកមេភូមិ មេឃុំ សាក្សី និងយល់ព្រមពីម្ចាស់ផ្ទះ កងកម្លាំងជំនាញបានឆែកឆេរផ្ទះជនសង្ស័យរកឃើញឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ផងដែរ៕

មតិយោបល់