ដូចតាមការគ្រោងទុក ក្រុមហ៊ុន Huawei ថ្ងៃម្សិលមិញនេះ បានប្រកាសចេញជាផ្លូវការនូវទូរសព្ទដៃជំនាន់ថ្មី Huawei P10/ P10 Plus របស់ខ្លួន នៅឯព្រឹត្តិការណ៍ WMC នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ជាមួយជម្រើសពណ៌ខុសៗគ្នារហូតដល់ទៅ ១០។

មិនខុសពីព័ត៌មានបែកធ្លាយកន្លងមកប៉ុន្មាន P10 និង P10 Plus បំពាក់បច្ចេកវិទ្យាកាន់តែខ្ពស់ ហើយមានកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ អមដោយបច្ចេកវិទ្យា Leica ដូចគ្នា ដោយម្ខាងទំហំ ២០ មេហ្គាភិចសែល និងម្ខាងទៀតទំហំ ១២ មេហ្គាភិចសែល។
ដោយឡែក ម៉ូឌែល Plus មានភ្នែកកាមេរ៉ាសម្រាប់ ចាប់យករូបភាពក្នុងទីដែលមានពន្លឺខ្សោយទំហំ f/2.2 ធំជាងម៉ូឌែលធម្មតា ដែលមានទំហំ f/1.8 អាចចាប់យករូបភាពបានកាន់តែលម្អិត និងកាន់តែច្បាស់ក្នុងទីដែលមានពន្លឺទាប ហើយថែមទាំងមានភ្ជាប់មកជាមួយមុខងារ Portrait Mode ដូច iPhone 7 Plus ផងដែរ។
ក្រុមហ៊ុន Huawei មិនបានពង្រីកអេក្រង់ទូរសព្ទត្រកូល P នេះ ឱ្យធំជាងមុននោះទេ ពោលគឺ វានៅតែរក្សាទំហំ ៥.១ អីុញ និង ៥.៥ អីុញ សម្រាប់ P10 និង P10 Plus ដដែល ប៉ុន្តែ ម៉ូឌែលទាំងពីរពាំនាំមកជាមួយបច្ចេកវិទ្យាការពារជម្រាបទឹក សាកថ្មរហ័សពេញ (តាមការប្រកាសរបស់ក្រុមហ៊ុន ប្រើពេលសាកត្រឹមតែ ៣០ វាអាចប្រើបានមួយថ្ងៃពេញ) ហើយបន្ទះស្គេនក្រយៅដៃរបស់វា ត្រូវបានផ្លាស់ទីតាំងមកខាងមុខ ដើម្បីជំនួសប៊ូតុងគ្រប់គ្រងរបស់ប្រព័ន្ធ Android ដោយគេអាចប្រើម្រាមដៃប៉ះលើ ឬអូសមកឆ្វេង/ស្តាំ ជំនួសប៊ូតុង Navigation បាន។
Huawei P10/ P10 Plus ត្រូវបានប្រកាសចេញជាមួយតម្លៃខ្ពស់ជាងម៉ូឌែលមុនរបស់វា ដោយ P10 មានតម្លៃ ៦៨៥ ដុល្លារ ឯ P10 Plus មានតម្លៃ ៧៣៨ ដុល្លារ ហើយម៉ូឌែលទាំងពីរ នឹងចាប់ផ្តើមចេញលក់នៅប្រទេសក្នុងតំបន់អឺរ៉ុប ម៉ាឡេស៊ី ម៉ិចស៊ិច អូស្រ្តាលី នូវែលហ្សឺឡង់ និងប្រទេសមួយចំនួនផ្សេងទៀត ក្នុងខែមិនា ខាងមុន៕

ប្រភពព័ត៌មានៈ theverge, techcrunch
មតិយោបល់