ព័ត៌មានជាតិ

ជួយដេញតាមចោរឆក់កាបូប បែរជាត្រូវក្រុមចោរ ព្រួតវាយបណ្តាលឲ្យបែកក្បាល

ភ្នំពេញៈ យុវជនម្នាក់ រងរបួសបែកក្បាល បន្ទាប់ពីជិះម៉ូតូ ដេញតាមជនសង្ស័យដែលធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចរង្វង់មូលគួចការណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យុវជនដែលជិះម៉ូតូដេញតាមជនសង្ស័យឆក់ការបូប និងត្រូវជនសង្ស័យវាយឲ្យរបួសខាងលើនេះ មានឈ្មោះ យាំម វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់ឌុប ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ចំណែកស្ត្រីរងគ្រោះ សូមមិនបញ្ចេញឈ្មោះ គ្រាន់តែប្រាប់ថា ស្នាក់នៅម្តុំគល់ស្ពានជ្រោយចង្វារត្រើយខាងកើត។ ហើយសម្ភារៈដែលបាត់បង់នោះមានលុយចំនួន២០០ ដុល្លារ ទូរសព្ទម៉ាក IPhone ចំនួន២គ្រឿង និងអត្តសញ្ញាណប័ណ្ណ រួមទាំងកាតគ្រីរថយន្តមួយទៀត។

តាមសំដីយុវជនក្លាហានឈ្មោះ យាំម វាសនា បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏ឃើញស្ត្រីម្នាក់ជិះម៉ូតូម្នាក់ឯង ម៉ាក Zoomer-X ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1GS-6441 ធ្វើដំណើរតាមរង្វង់មូលគួចការណុង ឡើងទៅលើស្ពានជ្រោយចង្វារ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច មិនចាំស្លាកលេខ មកធ្វើសកម្មភាពឆក់ កាបូបពីស្រ្តីរងគ្រោះ បណ្តាលឲ្យដួល។

សាក្សីដដែលបានបន្តថា បន្ទាប់ពីឆក់រួច ជនសង្ស័យក៏ជិះម៉ូតូគេចខ្លួន ភ្លាមនោះរូបគាត់ក៏បានជិះម៉ូតូដេញតាម ដោយមិនដឹងថាមានបក្ខពួកជនសង្ស័យបិទគូទពីក្រោយចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង រូបគាត់បានដេញជនសង្ស័យរហូតទៅដល់មុខមន្ទីរពេទ្យកាល់ម៉ែត ក៏ត្រូវជនសង្ស័យដែលបិទគូទ វាយពីក្រោយបណ្តាលឲ្យរងរបួសបែកក្បាលទើបរួបគាត់លែងហ៊ានដេញតាមតែម្តង ៕

មតិយោបល់