ភ្នំពេញៈ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀនបង្ក្រាប២៩ករណី ឃាត់មនុស្ស ៨៣នាក់ ក្នុងនោះមានស្រី៦នាក់។ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ២១ករណី ឃាត់ ៣៦នាក់ ក្នុងនោះមានស្រី៦នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ៨ករណី ឃាត់ ៤៧នាក់ រួមទាំងវត្ថុតាងដកហូតមានមេតំហ្វេតាមីន (ice)= ១៩៨,៧៤ក្រាម និង៤៥កញ្ចប់តូច មេតំហ្វេតាមីន(wy)=៤០២គ្រាប់។
លទ្ធផលបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៨៣នាក់ និងវត្ថុតាងមួយចំនួននេះ មានការចូលរួមបង្រ្កាប១១អង្គភាពបាន ១.បាត់ដំបង ២.កំពង់ចាម ៣.កំពង់ឆ្នាំង ៤.កំពត ៥.កណ្ដាល ៦.ពោធ៍សាត់ ៧.សៀមរាប ៨.ស្វាយរៀង ៩.តាកែវ ១០.ប៉ៃលិន និង១១.រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរលទ្ធផលបូកសរុបនៃយុទ្ធនាការ ចាប់ពីថ្ងៃទី១ មករា រហូតថ្ងៃទី២៧ខែ កុម្ភៈ ឆ្នាំ ២០១៧ កម្លាំងសមត្ថកិច្ចបង្ក្រាប ២០៣៣ករណីឃាត់ ៤៧៦៥នាក់ ស្រី ៤៦៥នាក់ ក្នុងនោះ ករណីជួញដូរគ្រឿងញៀនមាន១២៨១ករណី និងឃាត់ខ្លួន ២២៩៧នាក់ ក្នុងនោះមាន ស្រី៣០៥នាក់។ ករណីប្រើប្រាស់ ៧៥២ករណី និងឃាត់ខ្លួន ២៤៦៨នាក់ ក្នុងមាន ស្រី ១៦០នាក់។ រួមទាំងដកហូតវត្ថុតាងបាន សារធាតុញៀនប្រភេទក្រាមសថ្លា ១០គីឡូក្រាម ៦៨៨,១៦ក្រាម, ៤០២គ្រាប់ និង ២៤៤១កញ្ចប់តូច ៨ធំ និងកញ្ឆាក្រៀម ៣ គីឡូក្រាម ៥១៩ក្រាម និង ៩៧៥៦០ដើម ៕
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕
មតិយោបល់