ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឬស្សីកែវ ឆ្មក់ចូលបង្ក្រាបទីតាំងជ្រកក្រោមអាជីវកម្ម ណេត៩៩

ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវ បានសហការជាមួយនគរបាលប៉ុស្តិ៍ទួលសង្កែ បានធ្វើការចុះបង្ក្រាបទីតាំងលួចលាក់បើកកន្លែងលេងល្បែងស៊ី មួយកន្លែង ដោយជ្រកក្រោមអាជីវកម្ម ណេត៩៩ ដោយឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ដោយក្នុងនោះមានក្មេងៗតូច ៥នាក់ និងមនុស្សធំម្នាក់ និងបានដកហូតទូហ្គេមចំនួន ១១ទូ កាលពីវេលាម៉ោង ១និង២៥នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចមុខជ្រោះបាក់ស្នេហ៍ ផ្ទះលេខ៩៩ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចបានសហការជាមួយប៉ុស្តិ៍នគរបាលទួលសង្កែ និងមានការសម្របសម្រួលពីលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចយើងបានធ្វើការចុះបង្ក្រាបទីតាំងខាងលើនេះ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ដោយក្នុងនោះមានក្មេងៗតូច ៥នាក់ និងមនុស្សធំម្នាក់ និងបានដកហូតទូរហ្គេមចំនួន ១១ទូ ដោយក្នុងនោះមាន ទូសេះចំនួន ១, ទូបៀរចំនួន ២, ទូប៉ោមចំនួន ៣ និងកុំព្យូទ័រចំនួន ៥គ្រឿង។ ចំណែកឯម្ចាស់ទីតាំង នៅពេលដែលសមត្ថកិច្ចចុះទៅបានរត់គេចខ្លួនបាត់។

ក្រោយមក សមត្ថកិច្ចយើងបានធ្វើការអប់រំរួចមក ក៏ឲ្យពួកគេទាំង ៦នាក់នោះ ប្រឡប់ទៅផ្ទះវិញ ដោយបានធ្វើកិច្ចសន្យាឈប់ចូលលេងល្បែងស៊ីសងទៀត៕

https://youtu.be/CEIvmpv0PGc

មតិយោបល់