ព័ត៌មានជាតិ

តុលាការ​ចិន​កាត់​ទោសប្រហារ​ជីវិត អតីតមន្រ្តីអ៊ុយហ្គួរនៅស៊ីនជាំង ពី​បទ​ ធ្វើ​សកម្មភាព​ចង់​ផ្តាច់​ទឹក​ដី

មន្ត្រី​ទាំង​ពីរ​រូប​នេះ ម្នាក់ធ្វើការ​នៅ​​​​ក្រសួង​យុត្តិធម៌ និ​ង​ម្នាក់​ទៀត​នៅក្នុង​ក្រសួង​អប់រំ ដែល​សុទ្ធ​តែ​ជា​វិស័យ​ដ៏​រសើបៗ។ Shirzat Bawudun អតីត​អ្នក​ទទួល​ខុស​ត្រូវ​នៅ​នាយកដ្ឋានន​យុត្តិធម៌​ស៊ីនជាំង ត្រូវ​បាន​តុលាការ​ប្រជាជនជាន់ខ្ពស់​ស៊ីនជាំង​ កាត់ទោស​ប្រហារ​ជីវិត​ ដោយ​ព្យួរ​ទោស​ពីរ​ឆ្នាំ​ ពីបទ​ផ្សំ​គំនិត​ជាមួយ​ចលនា​អ៊ីស្លាម​តួគេស្ថាន​ខាង​កើត ដោយ​បាន​ទទួល​ប្រាក់​សំណូក​ និង​ដឹកនាំ​ធ្វើ​សកម្មភាពអបគមន៍។ នេះ​បើ​តាមការ​លម្អិត​របស់​អនុប្រធានចៅក្រម​។ ភ្នាក់ងារសារព័ត៌មាន​ចិន​ថ្មី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សម្រាប់​ក្រុមចៅក្រម អតីត​មន្ត្រី​អ៊ុយហ្គួរ​នេះ ថែម​ទាំង​បាន​ទៅ​ស្វែង​រក​ព័ត៌មាន​ពីកងកម្លាំង​ទ័ពបរទេស និង​បានធ្វើ​សកម្មភាព​បែប​សាសនាដោយ​ខុសច្បាប់​នៅក្នុង​ពិធី​មង្គលការ​កូនស្រី។ ​

ក្នុង​បទចោទ​​ប្រកាន់ ​ប្រព្រឹត្ត​អំពើ​​ពុករលួយ មាន​សកម្មភាព​ផ្តាច់​ទឹកដី​និយម និង​ដាក់​ទោស​ប្រហារ​ជីវិត នៅ​ពីរ​ឆ្នាំ​ខាង​មុខដូច​គ្នា តុលាការ​ក្រុង​ស៊ីនជាំង​បាន​បន្ទោស​​​លោក Sattar Sawut អតីត​ប្រធាន​នាយកដ្ឋាន​​អប់រំ តំបន់​​ស៊ីនជាំង ថា​បាន​បញ្ជ្រាប​ខ្លឹមសារ​អប់រំ​ដែល​មាន​ពាក់ព័ន្ធ​នឹង​ការ​បះបោរផ្តាច់ទឹកដី​ដល់​ក្រុមជនជាតិ​ភាគតិច បែប​ភេរវនិយម និង​អ៊ីស្លាមជ្រុលនិយម​ នៅក្នុង​សៀវភៅ​សិក្សា​ភាសាអ៊ុយហ្គួរ។ សៀវភៅ​សិក្សានោះ​ បាន​ជំរុញ​ឱ្យ​មានអំពើ​ហិង្សា​នៅ​អ៊ូរុំ​ជី Urumqi កាលពី​ឆ្នាំ​២០០៩។

ទន្ទឹម​ពេល​ជា​​មួយ​គ្នា​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃពុធ​ទី ៧មេសា​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​លើកឡើង​អំពី​ការ​ចេញ ផ្សាយភាព​យន្ត​​ឯកសារ​ទីបួន​ ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្មនៅ​តំបន់​ស្វយ័ត​ ទៀតផង។

សូមបញ្ជាក់​ថា​ នៅ​ប្រទេស​ចិន​ ទោស​ប្រហារ​ជីវិត​ដោយ​ព្យួរ​ទោស​ ស្មើ​នឹង​ការ​ដាក់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ការកាត់​ទោស​ប្រហារ​ជីវិត​អតីត​មេដឹកនាំ​អ៊ុយហ្គូ​នៅ​ស៊ីនជាំងនេះ ធ្លាក់​មកជួន​ចំពេល​ដែល​សហគមន៍​អន្តរជាតិ មាន​អាទិ៍​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប បាន​រិះគន់និង​ដាក់​ទណ្ឌកម្ម​ចិន​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​រំលោភសិទ្ធិមនុស្ស​លើ​ជនជាតិ​ភាគតិច​កាន់​សាសនាអ៊ីស្លាម​អ៊ុយហ្គួរ។ សហរដ្ឋអាមេរិក តាមរយៈ​សំឡេង​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស បាន​អះអាង​នៅ​ថ្ងៃនេះ ថា​អាមេរិកកំពុង​ពិចារណា​ជាមួយ​សម្ព័ន្ធមិត្ត​ ចាត់​វិធានការ​​រួមដើម្បី​ព្រមានចិន ដោយ​មាន​​គម្រោង​ធ្វើ​ពហិការ​មិន​ចូល​រួម​​ប្រកួត​កីឡាអូឡាំពិក​ឆ្នាំ​២០២២​នៅ​ប៉េកាំង៕

 

ប្រភព៖​ RFI

មតិយោបល់