ព័ត៌មានជាតិ

ប្រើប្រាស់ត្រាក្លែងក្លាយ បោកពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់ត្រាក្លែងក្លាយ ដែលការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលវេលាម៉ោង១១ ថ្ងៃត្រង់ទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចបឹងចំណីពពែ ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនខាងលើ មានឈ្មោះ ញាន កែម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ ជុំ សូណា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងខ្ចង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស ពង្ស ភូមិខ្ទ រ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូត បានរួមមាន៖ ត្រាមូលរបស់សាលាឃុំសំបួរមាសចំនួន១, ត្រាឈ្មោះ ណែម យ៉ង់ ជាមេឃុំសំបួរមាសចំនួន១, ត្រាឈ្មោះ ជិន សំអាត ជាមេភូមិអន្លុងស្លែងចំនួន១, តាំប៉ុងចំនួន២ ក្នុងនោះមានពណ៌ក្រហម១ ពណ៌ខៀវ១, ជីភីអេស១,ទូរសព្ទដៃ២គ្រឿង ក្នុងនោះមានម៉ាក ហូវ៉ៃចំនួន១គ្រឿងនិងម៉ាក IPhone 6Plus ១គ្រឿង,ម៉ូតូម៉ាកស្កុបពី ពណ៌ស ស៊េរី២០១៣ ឡើងតែម២០១៦ ពាក់ស្លាកលេខ 1BW-0871 ចំនួន១គ្រឿង, ឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី, ឯកសារកិច្ចសន្យាព្រមព្រៀងលក់ទិញដី, ឯកសារកិច្ចសន្យាទិញលក់ មិនកែប្រែ, អត្តសញ្ញាណប័ណ្ណហ្វូតូ ២សន្លឹក របស់ឈ្មោះទិត្យ សម្បត្តិ និងឈ្មោះ ម៉ី វ៉ាន់, ប្លង់ដី៣ច្បាប់, កាបូបស្ពាយតូច ពណ៌ខ្មៅលាយខៀវ សម្រាប់ដាក់ត្រាមួយ។

ចំណែកជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ ណែម យ៉ង់ ភេទស្រី អាយុ៦៣ឆ្នាំ ជាមេឃុំសំបួរមាស ស្នាក់នៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល និងជនរងគ្រោះទី២ឈ្មោះ ជិន សំអាត ភេទស្រី អាយុ៥៦ឆ្នាំ ជាមេភូមិអន្លុងស្លែង ស្នាក់នៅភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ គេឃើញជនសង្ស័យបានទៅយកត្រា មូលដ្ឋានរបស់សាលាឃុំសំបួរមាស និងត្រាឈ្មោះ របស់លោកស្រីណែម យ៉ង់ មេឃុំសំបួរមាស ត្រាឈ្មោះលោកស្រីជិន សំអាត មេភូមិអន្លុងស្លែង(ត្រាក្លែងក្លាយ) នៅផ្ទះជួលរបស់ឈ្មោះជុំសូណា នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដាក់តាមខ្លួន និងមានឯកសារមួយចំនួនទៀតដូចខាងលើ គោលបំណងទៅមើលដី នៅចំណុចខាងលិចបឹងចំណីពពែ ក្រោយភូមិអន្លុងស្លែងឃុំសំបួរមាស (សព្វថ្ងៃកាត់ចូលទៅភូមិកំពង់អុស ឃុំកំពង់អុសស្រុកពញាឮខេត្តកណ្ដាល)។

ប្រភពដដែល បន្តថា បន្ទាប់មកជនសង្ស័យបានណាត់ឈ្មោះ ស រុំ ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី និងឈ្មោះ អ៊ិន វណ្ណា ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅភូមិសំព័រថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អ្នករត់ម៉ូតូឌុបឲ្យមកជួបគ្នានៅផ្ទះឈ្មោះឈុំ ថន ភូមិ អន្លុងស្លែង ឃុំសំបួរមាស ដើម្បីឲ្យជនសង្ស័យ ជួយជូនអ្នកទាំង២ ទៅមើលព្រំដីរបស់ឈ្មោះ ស សារ៉េត ដែលមានដីនៅទីនោះ។

បន្ទាប់មកឈ្មោះស រុំ និងឈ្មោះអ៊ិន វណ្ណា បានមកចាំជនសង្ស័យមុន ហើយជនសង្ស័យបានមកដល់នៅវេលាម៉ោងប្រហែល៨ និង៣០នាទី ក៏នាំគ្នាជិះម៉ូតូរៀងខ្លួនទៅមើលដីរបស់ឈ្មោះ ស សារ៉េត នោះ ពេលទៅដល់នៅវេលាម៉ោង១១នាទី ក៏បានជួបក្រុមការងារ របស់លោក អេង ឌីប៉ូ ដែលមានការដ្ឋាននៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្ដាល ហើយពួកគេបានសួរនាំហើយបានឆែកម៉ូតូជនសង្ស័យទើបឃើញមានត្រាក្លែងក្លាយរបស់អាជ្ញាធរភូមិ ឃុំសំបួរមាសនៅក្នុងឃ្លុបម៉ូតូជនសង្ស័យ និងបានរាយការណ៍មកលោកអភិបាលស្រុកមុខកំពូល។

ក្រោយពីទទួលបានព័ត៌មានភ្លាម អធិការនគរបាលស្រុកកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យនិងឈ្មោះស រុំ ឈ្មោះអ៊ិន វណ្ណាមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ហើយជនសង្ស័យឈ្មោះ ញាន កែម បានសារភាពថាខ្លួនបានយកត្រាពីផ្ទះជួលរបស់ឈ្មោះ ជុំ សូណា ក្នុងគោលបំណងយកទៅឲ្យលោកស្រីមេភូមិ និងមេឃុំសំបួរមាស តែមិនបានជួបជន ទាំង២នាក់ទេ។ ចំណែកឈ្មោះ ស រុំ វិញបានជួលម៉ូតូឌុបឈ្មោះ អ៊ិន វណ្ណា ជិះឌុបមកមើលព្រំដីឈ្មោះស សារ៉េត ដើម្បីខ្លួនស៊ីឈ្នួលកាប់ព្រៃ ឯឈ្មោះអ៊ិន វណ្ណា ជាអ្នករត់ម៉ូតូឌុបតែប៉ុណ្ណោះ។

នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីល្ងាច ជនរងគ្រោះទាំង២នាក់ក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគបាលស្រុកមុខកំពូល ។ ករណីនេះជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ញាន កែម បន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់