ព័ត៌មានជាតិ

Update៖ HUMMER បើកឆ្លងផ្លូវ បុកយុវជនម្នាក់កំពុងជិះម៉ូតូ បណ្តាលឲ្យបាក់កស្លាប់នៅនឹងកន្លែង

ភ្នំពេញ: យុវជនម្នាក់ បានស្លាប់ភ្លាម នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធម័ បន្ទាប់ពីជិះម៉ូតូ ជ្រុលទៅបុករថយន្ត Humer ចំពីចំហៀងដែលកំពុងបើកឆ្លងផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង១០នាទី ព្រឹកថ្ងៃទី២៨ខែ កុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខប៉ុស្តិ៍នគរបាលកាកាប តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងបង្កការកកស្ទះ ចរាចរណ៍យ៉ាងខ្លាំងផងដែរ។

យុវជន ដែលស្លាប់ខាងលើមាន ឈ្មោះ រស់ ផល្លា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ស្រុកកំណើតភូមិទេពភិរម្យ ឃុំវាលពន់ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចំណែកម្ចាស់រថយន្តឈ្មោះ ម៉ែន សុខលាង អាយុ៤០ឆ្នាំជាង ស្នាក់នៅភូមិព្រៃកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ បើកឲ្យថៅកែរោងចក្រ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជន ម្នាក់ជិះម៉ូតូម៉ាក MSX ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ1GH-9746 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Humer ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 2S-1117 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកឆ្លងផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅទៅខាងលិច ខណ:មកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែម៉ូតូមកដល់ល្មមចាប់ហ្វ្រាំង មិនទាន់ជ្រុលទៅបុករថយន្តចំពីចំហៀង បណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាល បាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចដែលនៅក្បែរបានចេញមកឃាត់រថយន្តរួមទាំងម្ចាស់ភ្លាមៗតែម្តង និងទំនាក់ទៅនគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយកម៉ូតូនិងរថយន្ត រួមទាំងម្ចាស់ទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ដោយឡែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅតម្កល់ទុកនៅវត្តត្រពាំងក្រសាំងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់