ភ្នំពេញៈ ក្រោយពីបើកសវនាការ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ និងមានការលើកពេលប្រកាសសាលដីកា កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនោះ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធណ៍ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ពោលគឺ នៅតែផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ហុង កាលីឌីន ដាក់ពន្ធនាគារអស់មួយជីវិត និងតម្រូវឲ្យសងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី ចំនួន២០លានរៀល ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬរំលោភសេពសន្ថវៈ លើជនរងគ្រោះឈ្មោះ សុង ដាវីន ជានិសិ្សតសាលាវ៉ាន់ដា ដែលជាសង្សារ យោងតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ហុង កាលីឌីន ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ក្នុងហាងកាហ្វេដាលីន តាមបណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បន្ទាប់ពី សពនារីរងគ្រោះឈ្មោះ សុង ដាវិន ជាសង្សារត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែត ក្នុងទឹកទន្លេ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ មុខសាលាបឋមសិក្សាជ្រោយចង្វារ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦កន្លងទៅ លោក វ៉េង ហ៊ត់ ប្រធានក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មោះ ហុង កាលីឌីន ដាក់ពន្ធនាគារអស់មួយជីវិត និងតម្រូវឲ្យសងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី ចំនួន២០លានរៀល ពីបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬរំលោភសេពសន្ថវៈ យោងតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ៕
មតិយោបល់