ព័ត៌មានជាតិ

ឡិចស៊ីសបុកម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់របួស

ភ្នំពេញ: រថយន្តឡិចស៊ីស មួយគ្រឿង បើកបុកម៉ូតូ កូនទា ពេញទំហឹង ខណ:ដែលម៉ូតូកំពុងតែដួល បណ្តាលឲ្យម៉ូតូខ្ទាតចេញពីខ្លួន រថយន្តបុកបែកកង់ រីឯអ្នកបើកម៉ូតូរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្បែររង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវតីរូបស្រស់ម្នាក់ ជិះម៉ូតូម៉ាកធូដេ ពណ៌ស្លាទុំ អត់ស្លាកលេខ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌សមិនចាំស្លាកលេខ បានកៀរម៉ូតូយុវតីរងគ្រោះ ឲ្យដួលបណ្តាលឲ្យនារីរងគ្រោះ និងម៉ូតូខ្ទាតចេញពីគ្នា ហើយរថយន្តបង្កបើកទៅមុខបាត់ស្រមោល ។ ខណ:នោះក៏មានរថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-8578 បើកទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៣ ដូចគ្នាបានបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាត ទៅក្បែរម្ចាស់វិញ ហើយខណ:នោះ កង់រថយន្តឡិចស៊ីស ខាងមុខផ្នែកខាងឆ្វេង ក៏បានបែកកង់នៅកន្លែងកើតហេតុនោះដែរ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានចរចារគ្នាបញ្ចប់នៅនឹងកន្លែង ដោយគ្មានខាងណាសងខាងណានោះទេ៕

មតិយោបល់