ព័ត៌មានបច្ចេកវិទ្យា

ទាយាទក្រុមហ៊ុន Samsung គ្រុប ត្រូវជាប់ចោទពីបទសូកប៉ាន់ជាផ្លូវការ

ទាយាទក្រុមហ៊ុន Samsung គ្រុប រួមទាំងនាយកប្រតិបត្តិកំពូលៗចំនួន ៤ រូបផ្សេងទៀត ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅថ្ងៃនេះ ពីបទល្មើលផ្សេងៗគ្នា រាប់បញ្ចូលទាំងអំពើសំណូក និងកេងបន្លំ។ នេះបើតាមការថ្លែងឱ្យដឹងពីក្រុមរដ្ឋអាជ្ញារបស់ប្រទេសកូរ៉េខាងត្បូង។

«លោក Lee Jae-yong អគ្គនាយករងក្រុមហ៊ុន Samsung អេឡិចត្រូនិក ត្រូវបានក្រុមរដ្ឋអាជ្ញាពិសេសចោទប្រកាន់ពីបទសូកប៉ាន់ ភូតកុហក កេងបន្លំ និងមានលាក់ទ្រព្យសម្បត្តិនៅឯក្រៅប្រទេស»។ នេះបើយោងតាមការថ្លែងឱ្យដឹងនៅថ្ងៃអង្គារ៍នេះ ពីលោក Lee Kyu-chul អ្នកនាំពាក្យម្នាក់របស់ក្រុមស៊ើបអង្កេតរឿងអាស្រូវរំលោភបំពានអំណាយ និងពុករលួយ ដែលរហូតឈានទៅដល់ការព្យូរតំណែងលោកស្រីប្រធានាធិបតី Park Geun-hye។

យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Al Jazeera បានឱ្យដឹងបន្ថែមថា «យោងតាមច្បាប់របស់ប្រទេសកូរ៉េខាងត្បូង ប្រសិនបើលោក Lee ត្រូវបានតុលាការជំរំជម្រះ ហើយរកឃើញថា មានទោសដូចតាមការចោទមែននោះ គាត់នឹងត្រូវទទួល។ «គាត់អាចនឹងជាប់ពន្ធធានាគារប្រសិនបើការកេងបន្លំរបស់គាត់ ត្រូវបានគេរកឃើញថា ឋិតក្នុងចំនួនដ៏ច្រើនមួយ»។

គួរបញ្ជាក់ថា កូនប្រុសអតីតអគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េរូបនេះ ត្រូវបានចាប់ខ្លួនយកទៅឃុំឃាំងនៅថ្ងៃ ១៧​ កុម្ភៈ ក្រោមបទចោទអំពីតួនាទីរបស់លោកក្នុងរឿងអាស្រូវពុករលួយ ជាប់ពាក់ព័ន្ធទៅនឹងលោកស្រី Park និងការផ្តល់លុយរាប់សិបលានដុល្លារ ទៅដល់មនុស្សជំនិតលោកស្រី Park ឈ្មោះ Choi Soon-sil ជាថ្នូរនឹងការគាំទ្រការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនសម័្ពន្ធពីររបស់ Samsung ក្នុងឆ្នាំ ២០១៥៕

អត្ថបទពាក់ព័ន្ធៈទាយាទក្រុមហ៊ុន Samsung គ្រុប ត្រូវបានចាប់ខ្លួននៅយប់ម្សិលមិញ

ប្រភពព័ត៌មានៈ aljazeera

មតិយោបល់