ភ្នំពេញ: យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ខ្នង ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងនៅក្នុងគ្រោះអគ្គិភ័យមួយ នៅខាងមុខផ្សារទំនើបអ៊ីអនម៉ល ដែលទំនងជាកើតឡើងដោយសារតែការផ្ទុះហ្គាស ហើយដោយបានមានការចុះមកធ្វើអន្តរាគន្តរាគមន៍អំពីសំណាក់កម្លាំងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងផងដែរ។ ករណីអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទី ល្ងាចថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅផ្ទះលេខ139 140 141 142 ក្នុងចំណុចច្រកឌឿងហែមផ្លូវព្រះសុធារស (ខាងមុខផ្សារទំនើបអ៊ីអនម៉ល) ក្រុមទី៤០ ភូមិ៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរមូលដ្ឋានម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានសំឡេងផ្ទុះលាន់ឮដូចគ្រាប់បែកផ្ទុះផ្ទួនៗគ្នាដោយមិនដឹងថា ជាសំឡេងផ្ទុះហ្គាស ឬក៏ទុស្សេខ្សែរភ្លើងឡើយ ចេញពីផ្ទះមួយដែលគេដឹងថា ជារបស់បុរសម្នាក់ឈ្មោះ ផាត ដែលចាក់សោរទុកចោលមិនមានមនុស្សណាម្នាក់នៅឡើយ និងមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ឡើយ ស្រាប់តែបានប្រមាណជាជាង១០នាទី ក្រោយមកក៏ស្រាប់តែបានឃើញ ផ្សែងខ្មៅហុយទ្រលោមចេញមកខាងក្រៅ។ ពេលនោះទើបបង្ករអោយមានការភ្ញាក់ផ្អើល កើតឡើងទៅដល់ប្រជាពលរដ្ឋដែលនៅក្បែរខាង នាំគ្នាធាក់ទ្វារទម្លាយរបើកទៅខាងក្នុង ដែលកំពុងតែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងនាំគ្នាស្រវ៉េស្រវ៉ារត់ទៅយកបំពង់ពន្លត់អគ្គិភ័យ និងទឹកទៅធ្វើការបាញ់ពន្លត់ផងដែរ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ដោយសារតែអណ្តាតភ្លើង បានឆាបឆេះនោខាងក្នុងផ្ទះខាងលើនោះកាន់តែខ្លាំង ហើយពួកគាត់មិនអាចធ្វើការពន្លត់បាននោះ ក៏រាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ អោយចុះជួយធ្វើអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ទីក្រុងកោះពេជ្រចំនួន១គ្រឿង សរុបចំនួន៩គ្រឿងមកជួយបាញ់ពន្លត់ តែដោយសារតែផ្លូវតូចចង្អៀតធ្វើអោយរថយន្តពន្លត់អគ្គិភ័យ ពិបាកចូលនោះក៏ធ្វើអោយភ្លើងឆេះរាលដាលពីផ្ទះមួយទៅផ្ទះមួយជាបន្តបន្ទាប់តែម្តង។
ក្នុងករណីអគ្គិភ័យនេះដែរ បានឆេះបំផ្លាញអស់ផ្ទះចំនួន៣ខ្នងទាំងស្រុង និងមួយខ្នងទៀតឆេះអស់មួយចំហៀង និងទ្រព្យសម្បត្តិអស់មួយចំនួនធំផងដែរ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប៩គ្រឿង និងទឹកអស់ចំនួន១៦រថយន្តទើបភ្លើងរលត់ទៅបាន ដោយមិនបានបង្ករអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕
មតិយោបល់