ភ្នំពេញៈ រថយន្តធុនធំរបស់ក្រុមហ៊ុន «មាសសុគន្ធាខួនចាក់សសរគ្រឹះ» បើកបរបោះពួយលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរថយន្តលុចស៊ីសLX470 ចំពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១២ និង១០រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសវ័យចំណាស់២ទៅ៣នាក់ បានបើកបររថយន្តមួយគ្រឿង ម៉ាកលុចស៊ីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-9636 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២៧១ ។ មកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបន្ថយល្បឿន ខណៈដែលនៅខាងមុខមានរថយន្តមួយគ្រឿង បានបត់ឆ្វេងត្រលប់ក្រោយ។
ស្របពេលគ្នានេះ ក៏ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ប្រភេទរថយន្ត៤ភ្លៅ របស់ក្រុមហ៊ុនខាងលើ ពាក់ស្លាកលេខ ភ្នំពេញ3B-3501 បើកបរដោយបុរសពីរនាក់ ក្នុងទិសដៅស្របគ្នាមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកគូទរថយន្តលុចស៊ី ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តលុចស៊ីស រងការខូចខាតបែកចង្កៀង និងក្រពឹតផ្នែកខាងក្រោយ ចំណែកឯរថយន្តបង្ក ខូចខាតបន្តិចបន្តួច និងមិនបង្កឲ្យមានអ្នករបួសនោះទេ។
ដោយឡែកភ្លាមៗនោះអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តលោតចុះរត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកអន្តរាគមន៍ បន្ទាប់មកក៏មានដំណាងភាគីខាងរថយន្តបង្ក បានចេញមុខមកធ្វើការសម្របសម្រួលដោះស្រាយគ្នា ជាមួយនឹងភាគីខាងរថយន្តរងគ្រោះ ដោយភាគីទាំងពីរមិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមដោះស្រាយគ្នានៅនិងកន្លែង គឺខាងរថយន្តបង្ក ចេញសំណងចំនួន៣០០ដុល្លារ ឲ្យទៅភាគីខាងរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿង៕
https://youtu.be/bu6D203wAiw
មតិយោបល់