ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអគ្គិភ័យមួយ ឆាបឆេះក្ដាពុម្ពនៅក្នុងសំណង់ផ្ទះ ល្វែងមួយកន្លែង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ នៅខាងក្រោយសាលាខណ្ឌដង្កោ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងខណៈដែលម្ចាស់មិននៅ ហើយបិទទ្វារចាក់ សោរចោល។ខណៈនោះប្រជាពលរដ្ឋ បាននាំគ្នាដងទឹកជះពន្លត់ ប៉ុន្តែមិនបានរលត់នោះឡើយ រហូតមានរថយន្តពន្លត់អគ្គីភ័យ ដែលប្រចាំការនៅសាលាខណ្ឌ ចេញទៅអន្តរាគមន៏បាញ់ពន្លត់ ទើបរលត់ទៅវិញហើយ មិនបានឆេះរាលដាលដល់ផ្ទះសម្បែងអ្នកនៅជិតនោះឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ការឆាបឆេះខាងលើនេះ មិនត្រូវបានគេដឹងពីមូលហេតុអ្វីនោះឡើយ ប៉ុន្តែតាមការសន្និដ្ឋាន អាចបណ្ដាលមកពីមូលហេតុ២យ៉ាង គឺទី១អាចបណ្ដាលមកពីទុស្សេចរន្តអគ្គិសនី និងទី២អាចបណ្ដាលមកពី កម្ទេចផ្កាភ្លើងដែលជាងផ្សាដែក ជ្រុះធ្លាក់លើកម្ទេចកម្ទីរនៅខាងក្រោម ទើបបង្កជាអណ្ដាតភ្លើងឆាបឆេះឡើងតែម្ដង។
នៅមុនពេលកើតហេតុ ម្ចាស់មិនបានស្ថិតនៅទីនោះទេ គឺមានតែជាងផ្សាដែកធ្វើការនៅក្នុងនោះ ហើយក្រោយមកមិនមាននរណាបានចាប់អារម្មណ៏ ថាមានបញ្ហាអ្វី នោះឡើយ ស្រាប់តែមានផ្សែងហុយលាយឡំជាមួយអណ្ដាតភ្លើង ឆាបឆេះក្ដារពុម្ពយ៉ាងសន្ធោរសន្ធៅតែម្ដង។
ប្រភពដដែលបានបន្តថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋនៅទីនោះ បាននាំគ្នាដងទឹកជះពន្លត់ ប៉ុន្តែមិនអាចឲ្យភ្លើងរលត់នោះឡើយ ចំណែកឯកម្លាំងនគរបាលប៉ុស្ដិ៍ដង្កោនិងនគរបាលខណ្ឌដង្កោ បានចុះអន្តរាគមន៏ ហើយបាននាំយករថយន្តពន្លត់អគ្គីភ័យ ដែលប្រចាំការនៅសាលាខណ្ឌទៅបាញ់ទឹកពន្លត់ រហូតរលត់ទៅវិញទាំងស្រុង ហើយនៅក្នុងហេតុការណ៏នោះ បានបណ្ដាលឲ្យមានការខូចខាតក្ដារពុម្ពជាច្រើនសន្លឹក៕
https://youtu.be/lSO-bC4cI9k
មតិយោបល់