ព័ត៌មានជាតិ

សាំឡដឹកពោត បែកតាប៉ែន ជាន់ហ្វាំងមិនជាប់បុកកៀររថយន្ត៣គ្រឿង

ភ្នំពេញៈ រថយន្ត៣គ្រឿងរងការខូចខាត បាក់កញ្ចក់ បែកស្តុប កំពិតកាងក្រោយ បណ្តាលមកពីរម៉កកង់៣ ដែលហៅថា សាំឡដឹកពោត បែកតាប៉ែន ជាន់ហ្វាំងមិនជាប់ ក៏បុកកៀររថយន្តតូយ៉ូតា ម័រនីង និងរថយន្តហាយឡែនដ័រ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅស្តុបអូរបែកក្អម ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តហាយឡែនដ័រ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AI-2893 បើកបរតាមផ្លូវ២៧១ ពីត្បូងទៅជើង នៅខាងមុខរថយន្តតូយ៉ូតា ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2AC-9490 និងមានរថយន្តម័រនីង មួយផ្សេងទៀតមិនចាំស្លាកលេខ ឈប់ទទឹមរថយន្តហាយឡែនដ័រ ស្រាប់តែមានរម៉កកង់បីហៅសាំឡ មករុលបកកៀរ រថយន្តតូយ៉ូតា បាក់កញ្ចក់មើលផ្លូវខាងស្តាំដៃ។ រីឯរថយន្តហាយឡែនដ័រ រងការខូចខាតបែកស្តុបខាងស្តាំទាំងស្រុង បែកកំពិតកាងក្រោយ និងកំពិតតួខាងក្រោយ។ ដោយឡែករថយន្តម័រនីង រងការខូចខាតបន្តិចបន្តួចដោយមានភាពប្រញ៉ាប់ផងនិងមិនចង់វែងឆ្ងាយក៏បើកចេញទៅបាត់តែម្តង ។

រថយន្តតូយ៉ូតាដែលបាក់កញ្ចក់ និងផ្នែកខាងមុខបន្តិចបន្តួចទាមទារសំណង៧០ដុល្លារ តែម្ចាស់សាំឡសុំជួយ២០ម៉ឺនរៀលដើម្បីបញ្ចប់រឿង ភាគីរថយន្តតូយ៉ាតាក៏យល់ព្រមទទួលសំណង២០ម៉ឺនរៀលយកទៅទិញកញ្ចក់ជួសជុលខ្លួនឯង ។

ម្ចាស់សាំឡដឹកពោតបានប្រាប់ថា ដោយសារតែបែកតាប៉ែនកង់ខាងឆ្វេងទើបធ្វើឲ្យជាន់ហ្វាំងមិនជាប់ និងទាញទៅឆ្វេងបុកកៀររថយន្តទាំង៣គ្រឿងតែម្តង ។

ដោយឡែករថយន្តហាយឡែនដ័របានខលសួរជាងជួសជុល អំពីបញ្ហារថយន្តខូចខាតត្រូវជួសជុលទិញស្តុបនិងកាងក្រោយថ្មី ក៏ទាមទារ៤០០ដុល្លារ តែដោយម្ចាស់សាំឡគ្មានលុយសងទើបសំណូមពរយករថយន្តទៅជួសជុលនៅកន្លែងយានដ្ឋានជួសជុលរថយន្ត បងប្អូនធ្វើដោយសន្យាថានិងទិញស្តុបកាងក្រោយជារបស់ហ្ស៊ីនមិនមែនរបស់អីវ៉ាន់ឡើយ ។

ជាចុងក្រោយម្ចាស់រថយន្ត ក៏យល់ព្រមទៅជួសជុលនៅកន្លែងយានដ្ឋានជួសជុលនៅម្តុំបឹងសាឡាង ដើម្បីបញ្ចប់បញ្ហាដោយមិនរំខានសមត្ថកិច្ចមូលដ្ឋានឡើយ ៕

https://youtu.be/6XCseSmL9oo

មតិយោបល់