ភ្នំពេញៈ ម៉ូតូឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០០៥ បានប៉ះដៃចង្កូត ជាមួយនឹងម៉ូតូសង់កូរ៉េ បណ្តាលឲ្យដួលទាំងអស់គ្នា ដោយម្ចាស់ម៉ូតូឌ្រីមសង់ដេកពេទ្យ ចំណែកកម្ចាស់ម៉ូតូសង់កូរ៉េ ទុកម៉ូតូចោល ដាក់មេប្រ៉ូចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្បែរការាសសាំង សប ប្រាថ្នា ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូទាំង២គ្រឿងនោះ ទី១ម៉ាក សង់កូរ៉េ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ឃ6790 ភព1។
ចំណែកម៉ូតូទី២ម៉ាក ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៥ ពាក់ស្លាកលេខកំពត 1D-3154។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូទាំង២គ្រឿងខាងលើ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅស្របទិសគ្នា ពីជើងទៅត្បូង លុះបានមកដល់ចំណុចកើតហេតុម៉ូតូសង់កូរ៉េ បានបត់ឆ្វេងបំណងចូលទៅផ្លូវបេតុង ជារី តុល លន ។ខណៈនោះ ស្រាប់តែម៉ូតូឌ្រីមសង់ កំពុងលឿនគេចមិនទាន់ ក៏ប៉ះដៃចង្កូតសង់កូរ៉េខាងស្តាំ បណ្តាលឲ្យម៉ូតូទាំង២ដួល ដោយម៉ូតូឌ្រីមសង់ ផ្លោងចម្ងាយ២០ម៉ែត្រ រងរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ។ ចំណែកម្ចាស់ម៉ូតូសង់កូរ៉េ មិនមានរបួសបានទុកម៉ូតូចោលដាក់មេប្រ៉ូចបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយពេលក្រោយ តាមផ្លូវច្បាប់ ៕
https://youtu.be/ZKUqfbwcnaA
មតិយោបល់