ព័ត៌មានកីឡា

គ្រូ​បង្វឹក​នារី ​បង្កើត​ប្រវត្តិសាស្ត្រ​នៅ AFC Champions League

Yuen Ting Chan ​ជា​គ្រូ​បង្វឹក​របស់​ក្រុម Eastern SC ​ដែល​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​នារី​ដំបូង​គេ​អាច​រក​ពិន្ទុ​បាន​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ធំ AFC Champions League ​ក្រោយ​ពី​ក្រុម​របស់​នាង​ស្មើ​ជាមួយ Kawasaki Frontale ​១-១។

Chan ​បាន​ដឹក​នាំ​ក្រុម​ខ្លាំង​របស់​ហុងកុង​មួយ​នេះ​ចូល​លេង​វគ្គ​ចែក​ពូល​ពាន AFC Champions League ​ដោយ​កាល​ពី​សប្ដាហ៍​មុន​នេះ ​បាន​ចាញ់​ក្រុម​ Guangzhou Evergrande ​ក្នុង​លទ្ធផល ៧-០ ។ យ៉ាងណាមិញ ​ការ​ប្រកួត​យប់មិញ​នេះ​វិញ ​ពួកគេ​អាច​ធ្វើ​បាន​ល្អ​ឡើង​វិញ ​ដោយ​រក​បាន​ពិន្ទុ​១​ពិន្ទុ ​ក្រោយ​ពី​ស្មើ​ជាមួយ​ក្រុម Kawasaki ​ក្នុង​លទ្ធផល ១-១ ។ ត្រឹម​លទ្ធផល ​ទទួល​បាន​១​ពិន្ទុ ​ឈ្មោះ​របស់ Chan ​ត្រូវ​បាន​គេ​កត់សម្គាល់​ហើយ ព្រោះ​អី​តាំង​ពី​ដើម​មក​មិនមាន​គ្រូ​បង្វឹក​ស្ត្រី​ណា​អាច​រក​ពិន្ទុ​នៅ​ពាន​លំដាប់​ធំ​ៗ​បាន​នោះ​ទេ។

នារី​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ ​បាន​ដឹក​នាំ​ក្រុម​ Eastern SC ​ឈ្នះ​ពាន​លីគ​កំពូល​របស់​ហុងកុង ​កាល​ពី​រដូវកាល​មុន​នេះ ​និង​ទទួល​បាន​កៅអី​មក​លេង​ពាន AFC Champions League ​នេះ។ ខណៈ​ដែល​ការ​លេង​២​ប្រកួត​មក​នេះ ​ស្មើ​១​និង​ចាញ់​១ ​ហើយ​ក្រុម​ដែល​ត្រូវ​ជួប​បន្ទាប់​នោះ​គឺ​ Suwon Bluewings ​ហើយ​នាង​ក៏​រំពឹង​ថា​នឹង​អាច​យក​ឈ្នះ​បាន​ដែរ៕

មតិយោបល់