ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្មេងស្រីសិស្សសាលាអាយុ១០ឆ្នាំម្នាក់ បាត់ខ្លួនរយៈពេល១យប់ ទោះបីជាឪពុកម្តាយខំដើររកយ៉ាងណា ក៏មិនឃើញ បែរជាព្រឹកឡើងប្រទះឃើញលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមច្រកចូលរមណីយដ្ឋានកោះដាច់ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សាកសពក្មេងស្រីរងគ្រោះ ខាងលើមានឈ្មោះ ឌឹម តុលា អាយុ១០ឆ្នាំ ជាសិស្សបឋមសិក្សា សម្តេចឪ ស្នាក់នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងង ៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ក្រុមគ្រួសារជនរងគ្រោះ បានបាត់ក្មេងស្រីរងគ្រោះមិនដឹងថាទៅទីណានោះទេ ដោយបាត់យូរពេក ក៏នាំគ្នាដើររកសព្វទីកន្លែង ប៉ុន្តែទោះរកយ៉ាងណាក៏មិនឃើញ រហូតដល់ព្រឹកកើតហេតុ ថ្ងៃទី២ ខែមិនា ដោយមានការសង្ស័យ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានជួលគេចុះរាវរក នៅចំណុចកើតហេតុខាងលើ ទើបប្រទះឃើញសាកសពជនរងគ្រោះ ស្លាប់បាត់ទៅហើយ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ ផងដែរ ចំណែកមូលហេតុសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវនៅឡើយ៕
មតិយោបល់