បុរសម្នាក់បាត់ពីផ្ទះ៣ថ្ងៃត្រូវបានក្រុមគ្រួសារដើររកបានប្រទះឃើញសាកសពនៅក្បែរមាត់ជ្រោះព្រៃស្ងាត់ហើមស្អុយទៅហើយ។សពបុរសខាងលើ ត្រូវបានក្រុមគ្រួសាររកឃើញកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចមាត់ជ្រោះព្រៃស្ងាត់ ឋិតក្នុងភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រាប់ថាមានឈ្មោះ ភីម លៀន អាយុ៥០ឆ្នាំរស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ។
ក្រុមគ្រួសារជនរងគ្រោះបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះនៅវេលាម៉ោង៦ព្រឹកថ្ងៃ៣១ខែតុលា ឆ្នាំ២០២១។ បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍ទៅលោក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាកម្លាំងចុះពិនិត្យ និងស៊ើបអង្កេតក្នុងករណីខាងលើនេះ។ក្រុមគ្រួសារជនរងគ្រោះបានបន្តថា ក្រោយបាត់ខ្លួនក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ច នឹងនាំគ្នាដើររកជនរងគ្រោះ ដែលតែងតែជិះម៉ូតូមកមើលស្បៃអួនដែលដាក់យកត្រីនៅចំណុចភ្នំរមៀតកន្លែងស្ងាត់បានប្រទះឃើញសាកសពបុរសខាងលើហើមស្អុយទៅហើយ តែមិនឃើញម៉ូតូនោះទេ។
លោក អ៊ុក មឿន ប្រធានការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងក្រោយពីបានបញ្ជាពីលោកស្នងការរងបានដឹកនាំកម្លាំងចុះពិនិត្យឃើញថា សពមានសភាពហើមស្អុយនិងមានស្លាកស្នាមមួយចំនួននៅកន្លែងថ្ងាសត្រូវគេវាយសម្លាប់។
លោកបន្តថា តាមការពិនិត្យសពជនរងគ្រោះត្រូវគេប្លន់យកម៉ូតូដោយវាយសម្លាប់ ជាអំពើឃាតកម្ម សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារបូជាតាមប្រពៃណី នៅក្នុងព្រៃនោះតែម្ដង។ ករណីខាងលើនេះត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីវែកមុខរកឃាតកដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់