ភ្នំពេញៈ បុរសម្នាក់ ដែលជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអភិវឌ្ឍជំនាន់ថ្មី ហៅកាត់ NPG ខណៈដែលកំពុងបត់ជើងតូច ត្រូវបានចោរធ្វើសកម្មភាពយកកាបូបលុយអស់ជាង១ម៉ឺនដុល្លារ រួមជាមួយឯកសារមួយចំនួនទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទី រសៀលថ្ងៃទី២ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើឈ្មោះ ចន ចំរើន អាយុ៣០ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ NPG ស្នាក់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងកាបូបនោះដែរ មានលុយជាង១ម៉ឺនដុល្លារ ប្លង់ដីចំនួន៣ច្បាប់ កាតគ្រីរថយន្ត១សន្លឹក និងកាតគ្រីម៉ូតូ១សន្លឹក។
បុរសរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានឈប់ម៉ូតូបត់ជើងតូច ដោយបានដាក់កាបូបនៅលើរានកណ្ដាលម៉ូតូ រួចបានចុះបត់ជើងតូច ស្រាប់តែមានជនសង្ស័យជិះម៉ូតូទៅជិត ធ្វើសកម្មភាពឆក់យកកាបូបទៅបាត់។ ប៉ុន្តែពេលនោះខ្លួន មិនបានដឹងថាចោរមានគ្នាប៉ុន្មាននាក់ ហើយជិះម៉ូតូម៉ាកអ្វីនោះឡើយ ព្រោះក្រោយពេលបត់ជើងតូចរួច មើលទៅម៉ូតូ ស្រាប់តែបាត់កាបូបទើប ធ្វើប្រញាប់ប្ដឹងនគរបាលប៉ុស្តិ៍កាកាបឲ្យជួយអន្តរាគមន៍តែម្ដង៕
https://youtu.be/0KvIFpaE3Qc
មតិយោបល់