កំពង់ឆ្នាំង៖បុរសម្នាក់បានតាំងខ្លួនជាអ្នកផ្សព្វផ្សាយធម៌ បានយកសាលាបុណ្យក្នុងភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ធ្វើជាទីសក្ការៈអោយអ្នកស្រុកគោរពបូជា និងរៀនសូត្រធម៌ ហើយបានទទួលយកប្រាក់ពីអ្នកភូមិខ្លះរាប់លានរៀល និងអ្នកខ្លះមួយម៉ឺនដុល្លា មកតំកល់ទុកដោយគិតការប្រាក់អោយវិញក្នុងមួយខែ២០% ដែលករណីនេះសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានសង្ស័យថាជារឿងបោកប្រាស់។ហេតុការនេះបានកើតឡើងជាង៣ខែមកហើយនៅក្នុងភូមិឃុំខាងលើ ឥឡូវនេះអាជ្ញាធរនិងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងទប់ស្កាត់ដើម្បីកុំអោយប្រជាពលរដ្ឋចាញ់ល្បិចនៃការបោកប្រាស់នេះ។
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង៨និង១៥នាទី អ្នកយកព័ត៌មានត្រូវបានមន្ត្រីនគរបាល
ប៉ុស្តិធ្លកវៀន ជូនទៅដល់សាលាបុណ្យដែលជាកន្លែងស្នាក់នៅរបស់លោកគ្រូ ប្រាក់ គីរី ដែលជាអ្នកផ្សព្វផ្សាយធម៌នៅក្នុងភូមិឃុំខាងលើ។នៅក្នុងទីនោះយើងបានពិនិត្យឃើញ បុរសនិងស្ត្រីដែលកុំពុងធ្វើការងារសផ្សេងៗ
នៅក្នុងសាលាបុណ្យនោះបាននិយាយអោយអ្នកយកព័ត៌ដឹងថា៖លោកគ្រូមិននៅទេព្រឹកនេះគាត់ទៅទិញសម្ភារះសំរាប់បុណ្យកឋិន នៅផ្សារសាលាលេខប្រាំបាត់ទៅហើយ។ ពួកគាត់បានអោយដឹងទៀតថា៖លោកគ្រូ ប្រាក់ គីរី បានមកស្នាក់នៅកាន់វស្សាផ្សព្វផ្សាយព្រះធម៌ និងបង្រៀនព្រះធម៌ ជូនអ្នកស្រុកក្នុងភូមិនេះ ជាង៣ខែមកហើយ ពេលខ្លះមានអ្នកស្រុកមកពឹងពាក់ លោកគ្រូបានជួយមើលជម្ងឺដូចជា៖ដាក់ខ្សែចង្កេះ ស្រោចទឹក ទាយសន្លឹកបៀ ដើម្បីជួយសង្គ្រោះព្យាបាលអ្នកស្រុកទៅតាមលទ្ធភាពដែលលោកគ្រូរៀនចេះ។
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ លោក សន ឈី នាយនគរបាលប៉ុស្តិរដ្ឋបាលធ្លកវៀនបាននិយាយអោយដឹងថា៖លោកគ្រូដែលអៈអាងថាខ្លួនជាអ្នកផ្សព្វផ្សាយធម៌រូបនោះមានឈ្មោះ ប្រាក់ គីរី អាយុ៤៣ឆ្នាំរស់នៅក្នុងភូមិត្រពាំងត្រាច ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គាត់បានមកស្នាក់នៅក្នុងសាលាបុណ្យភូមិធ្លកវៀននេះជាមួយប្រពន្ធឈ្មោះ ឌិន និរតី អាយុ៤២ឆ្នាំ មានរយះពេលជាង៣ខែមកហើយ។កន្លងមកលោកបានទទួលព័ត៌ថា មានប្រជាពលរដ្ឋក្នុងភូមិ និងក្នុងឃុំប្រមាណ២០នាក់បានយកប្រាក់ទៅដាក់តំកល់អោយលោកគ្រូរូបនេះ ខ្លះ៥០ម៉ឺនរៀល ខ្លះ១លានទៅ២លានរៀលនិងខ្លះឭថាបានដាក់ទៅដល់ ១ម៉ឺនដុល្លា ដោយលោកគ្រូរូបនោះបានប្រគល់ការប្រាក់២០%មកវិញភ្លាម ប៉ុន្តែរឿងហេតុនេះពួកគេបានលាក់លៀមមិនអោយសមត្ថកិច្ចនិងអាជ្ញាធរដឹងឡើយហើយលោកគ្រូនោះ នឹងអោយការប្រាក់២០%ជារៀងរាល់ខែបន្តទៀត ។មិនតែប៉ុណ្ណោះមានប្រជាពលរដ្ឋមួយចំនួនបានលក់គោ លក់ស្រែ ខ្លះយកប្លង់ផ្ទះ ប្លង់ដីទៅដាក់ខ្ចីប្រាក់ពីធនាគារ ដើម្បីយកប្រាក់ទៅផ្ញើទុកជាមួយលោកគ្រូខាងលើនេះ ព្រោះតែចង់ចំណេញបានការប្រាក់២០%ពីលោកគ្រូនោះវិញ ដែលលោកសង្ស័យថា ទង្វើខាងលើនេះជារឿងបោកប្រាស់។លោកមេប៉ុស្តិ៍បានអោយដឹងទៀតថា៖លោកគ្រូរូបនេះពេលមកនៅក្នុងសាលាបុណ្យភូមិធ្លកវៀនដំបូងគេឃើញគាត់ជិះតែម៉ូតូឌុបទេ ក្រោយមកបាន១ខែគេឃើញគាត់ទិញម៉ូតូ០១៤មួយគ្រឿងជិះ ហើយរយះមួយខែក្រោយមកទៀតឃើញមានរថយន្តឆ្លាមមួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2N 8663 ជិះថែមទៀត។
នៅព្រឹកថ្ងៃទី២៥ ខែតុលានេះដែរ លោកមេប៉ុស្តិបានហៅបុរសៗ៦នាក់ មានឈ្មោះ១.សេង លន ២.ស៊ឹម ហេង ៣.ប៉ាត លីម ៤.សៀង វ៉េត ៥.ម៉ែន លឿង ៦.សៀង លាប ដែលត្រូវជាសាច់ញាតិរបស់លោកគ្រូប្រាក់ គីរី មកសាកសួរ និងបំភ្លឺជុំវិញរឿងខាងលើនេះនៅក្នុងប៉ុស្តិ៍នគរបាលធ្លកវៀនមុខអ្នកសាព័ត៌មានយើង បុរសៗទាំងអស់នោះបាននិយាយដូចគ្នាៗថា៖ពួកគាត់ពិតជាបានយកប្រាក់មួយចំនួនទៅដាក់ជាមួយលោកគ្រូប្រាក់ គីរីមែនប៉ុន្តែប្រាក់នោះគឺលោកគ្រូយកទុកទិញម្ហូបទុកចិញ្ចឹមពួកគាត់រៀងរាល់ថ្ងៃវិញ នៅពេលដែលពួកគាត់ជួយធ្វើកិច្ចការងារនៅក្នុងទីអសនៈសាលាបុណ្យរបស់លោកគ្រូ។ចំណែកប្រាក់ដែលដាក់តំកល់នោះត្រូវបានលោកគ្រូប្រគល់រំលោះអោយ២០%ក្នុងមួយខែៗវិញរហូតដល់អស់ប្រាក់ដើមរបស់ពួកគាត់ ចំណែក ប្រាក់២០%នោះមិនមែនជាការប្រាក់ទេ។
លោក មែ លៀង មេឃុំធ្លកវៀន និងលោក ព្រាន សុផល មេភូមិធ្លកវៀន នៅព្រឹកថ្ងៃទី២៦ ខែតុលានេះបាននិយាយតាមទូរស័ព្ទអោយដឹងថា៖ក្នុងរឿងខាងលើនេះពួកគាត់ក៍បានដឹងឮតៗគ្នាពីប្រជាពលរដ្ឋ មិនខុសពីលោកមេប៉ុស្តិ៍នគរបាលដែរ នៅថ្ងៃខាងមុខនេះលោកមេឃុំ និងធ្វើលិខិតកោះអញ្ជើញ លោកគ្រូ ប្រាក់ គីរី មកឆ្លើយបំភ្លឺនៅក្នុងសាលាឃុំ ដើម្បីធ្វើកំណត់ហេតុរាយការណ៍ជូនលោកអភិបាលស្រុកសាមគ្គីមានជ័យ។
ទាក់ទងនិងរឿងខាងលើនេះលោក ប្រាក់ គីរី បានឆ្លើយនិងសំនួរអោយអ្នកយកព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលានេះថា៖លោកពិតជាបានទទួលយកប្រាក់ពី២០ទៅ៥០ម៉ឺនរៀល ពីសាច់ញាតិបងប្អូនដែលជាព្រះញាតិព្រះធម៌ បួនដប់នាក់នៅក្នុងភូមិពិតមែន និងមិនបានយកប្រាក់ពីអ្នកដទៃឡើយ គឺប្រាក់នោះបានយកមកតំកល់ទុកទិញបាយម្ហូប ចិញ្ចឹមពួកគាត់វិញ នៅពេលពួកគាត់មករៀនព្រះធម៌និងជួយធ្វើការងារផ្សេងៗក្នុងសាលាបុណ្យ។
រឿងដែលលិចឮថាគាត់ទទួលប្រាក់ដោយអោយការប្រាក់ទៅវិញ២០%នោះមិនមែនជាការពិតឡើយ
តែគាត់ពិតជាបានប្រគល់ប្រាក់រំលោះទៅអោយម្ចាស់ប្រាក់វិញ២០%ប្រចាំខែពិតប្រាកដមែន រហូតដល់រំលោះប្រាក់ដើមអស់ ព្រោះថាគាត់គ្មានប្រាក់ពីណាមកតំកល់ទុកសំរាប់ចិញ្ចឹមពួកគាត់ឡើយ ដូច្នេះពួកគាត់ជាអ្នកចង់រៀនព្រះធម៌ ពីរូបគាត់ត្រូវតែមានប្រាក់តំកល់ទុក ដើម្បីសំរាប់ជួយផ្គត់ផ្គង់ខ្លួនឯងអញ្ចឹងហើយ ប៉ុន្តែប្រាក់ដើមទាំងអស់មិនបាត់បង់ឡើយ គឺគាត់បានបើករំលោះអោយរៀងរាល់ខែរហូតដល់គ្រប់ចំនួនវិញ។
នៅព្រឹកថ្ងៃ២៦ខែតុលា ឆ្នាំ២០១៤ លោក ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអោយអ្នកយកព័ត៌មានដឹងថា៖រឿងខាងលើលោកទើបតែបានទទួលការរាយការណ៍ពីលោក ដួង ហុង អធិការនគរបាលស្រុក នៅរសៀលថ្ងៃទី២៥ ខែតុលានេះ ហើយនៅព្រឹកថ្ងៃទី២៦ ខែតុលា នេះលោកបានបញ្ជារអោយមន្ត្រីនគរបាលជំនាញនៃការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលខេត្តចុះ ធ្វើការស្រាវជ្រាវនិងធ្វើកំណត់ហេតុក្នុងរឿងខាងលើនេះអោយបានច្បាស់លាស់ ជាមួយលោកគ្រូ ប្រាក់ គីរី ប្រសិនបើសមត្ថកិច្ចរកឃើញថាមានរឿងហេតុដូចខាងលើនេះមែន នោះលោកនិងអោយសមត្ថកិច្ចបញ្ឈប់សកម្មភាពរបស់លោក ប្រាក់ គីរី ជាបន្ទាន់។បើគេមិនព្រមបញ្ឈប់សកម្មភាពយកប្រាក់ដែលជារឿងខុសច្បាប់ ពីប្រជាពលរដ្ឋទេនោះសមត្ថកិច្ចនឹងធ្វើការចោទប្រកាន់ និងកសាងសំណុំរឿងតាមនិតិវិធីមិនអត់ឱនអោយឡើយ។
លោក សន ឈី នាយប៉ុស្តិនគរបាលរដ្ឋបាលធ្លកវៀនបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី២៧ ខែតុលានេះថា៖នៅល្ងាចថ្ងៃទី២៦ ខែតុលា លោកគ្រូ ប្រាក់ គីរី ត្រូវបានសមត្ថកិច្ចហៅទៅសាកសួរធ្វើកំណត់ហេតុនៅ
ក្នុងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ហើយនៅល្ងាចនោះដែរមានបុរសម្នាក់ឈ្មោះ ស៊ឹម ហេង ថា
ឆ្លើយបំភ្លឺនៅល្បិចកលបោកប្រាស់ក្នុងរឿងទទួលប្រាក់និងអោយការប្រាក់ដ៏ខ្ពស់២០%ខុសពីធម្មតា ហើយលោក ស៊ឹមហេង ថានិងដាក់ពាក្យបណ្តឹងទាមទារយកប្រាក់ពីលោកគ្រូ ប្រាក់ គីរី វិញ។លោក សន ឈី អោយដឹងទៀតថាក្នុងរឿងខាងលើនេះ នៅមានប្រជាពលរដ្ឋច្រើននាក់នឹងដាក់ពាក្យបណ្តឹងបន្តបន្ទាប់ទៀតក្នុងពេលខាងមុខនេះ ព្រោះតាមការស្រាវជ្រាវជាបឋមសមត្ថកិច្ចលោកបានដឹងថា មានប្រជាពលរដ្ឋជាង១០នាក់បានចាញ់បោកក្នុងរឿងនេះ ហើយអាចមានច្រើនជាងនេះ៕
មតិយោបល់