ព័ត៌មានជាតិ

សភាពួកគណបក្សប្រជាធិបតេយ្យអាមេរិក ទាមទារឲ្យអគ្គរដ្ឋអាជ្ញា លាលែង​ចេញ​ពី​តំណែង

អាមេរិកៈ លោក Jeff Sessions អគ្គរដ្ឋអាជ្ញាអាមេរិក ត្រូវបានសភាគណបក្សប្រជាធិបតេយ្យ ទាមទារ​ឲ្យដក​ខ្លួន​ចេញ​ពី​ការ​ស៊ើបអង្កេត​ ជុំវិញករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ឬ​ក៏លាលែង​ចេញ​ពី​តំណែង​តែម្ដង បន្ទាប់ពី​គេបាន​ដឹង​ថា​ លោក បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ អំទ្បុងពេលយុទ្ធនាការ​សេតវិមាន កាលពី​ឆ្នាំ​ទៅ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧។

លោក Sessions បាន​ត្រូវ​សួរ​នៅ​ក្នុង​សវនាការឲ្យផ្តល់ចម្លើយ ពាក់ព័ន្ធនឹង​ការ​តែងតាំង​ កាលពី​ខែ​មករា​ថា​តើ​លោក​នឹង​ធ្វើ​បែប​ណា​ប្រសិន​បើ​មាន​ភស្តុតាង​ថា​មាន​នរណា​ម្នាក់ បានធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតឲ្យ​លោក ត្រាំ ដោយជាប់​ទាក់ទង​ជាមួយ​ពួក​រុស្ស៊ី​នោះ ប៉ុន្តែលោក បានដិសេធ និងធ្វើការអះអាងថា នៅអំទ្បុងខែនោះ លោកពិតជាគ្មានទំនាក់ទំនងជាមួយរុស្ស៊ីទ្បើយ។

លោក Sessions បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី Sergei Kislyak កាល​ពីខែកក្កដា​ នៅ​ក្នុង​ពិធី​មួយ ស្ថិត​នៅ​ខាងក្រៅ​មហា​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ និងបានជួប​គ្នាម្ដងទៀត​​ ​កាល​ពី​ខែ​កញ្ញា ​នៅការិយាល័យលោក​ ក្នុង​វិមាន​សភា​សអាមេរិក។

គួរបញ្ជាក់ដែរថា អ្នកនាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌​ អ្នកស្រី​ Sarah Isgur Flores បាន​និយាយ​ថា «គ្មាន​អ្វី​នាំ​ឲ្យយ​យល់​ខុស​លើលោក Sessions ជា​ដាច់​ខាត» ព្រោះពួកទាំងពីរ បានជួបគ្នា មិន​មែន​អំពី​ជំនួប​ដែល​លោក​មាន​ក្នុង​ឋានៈ​លោក​ជា​សមាជិក​ព្រឹទ្ធសភា​ទេ៕

មតិយោបល់