ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័ករណី កែច្នៃកញ្ឆា ដកហូតកញ្ឆាក្រៀមជាច្រើនគីឡូក្រាម

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ សហការជាមួយនគរបាលប៉ុស្តិ៍បាក់ខែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ពន្ធ័នឹងករណី កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន យកដើមកញ្ឆាធ្វើជាបារី។

ការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោងជាង ៤ល្ងាច ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ នៅចំណុចភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ព្រហ្ម រតនា ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ កញ្ឆាក្រៀម ទម្ងន់ ១,៣ គីឡូក្រាម, គ្រាប់កញ្ឆាក្រៀមទម្ងន់១,៧ គីឡូក្រាម, កញ្ឆាលាយរួចសម្រាប់វិចខ្ចប់ធ្វើជាបារីទម្ងន់១គីឡូក្រាម, អាចម៍កញ្ឆាចំនួន ៤កញ្ចប់ ក្នុងនោះកញ្ចប់ធំ២ និងកញ្ចប់តូច២, បារីកែច្នៃរួចធ្វើពីកញ្ឆាចំនួន ១កញ្ចប់តូច ១៩ដើម, គ្រាប់កញ្ឆាក្រៀមច្រកក្នុងថង់ប្លាស្ទិចចំនួន១២កញ្ចប់, ថង់ប្លាស្ទិច សម្រាប់ច្រកថ្នាំញៀនមួយចំនួន និងកូនជញ្ជីងប៉ុងសម្រាប់ថ្លឹងកញ្ឆាចំនួនមួយ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះទៅបង្ក្រាបទីតាំងលួច កែច្នៃកញ្ឆាក្រៀម មួយកន្លែង ដែលស្ថិតនៅភូមិកើតហេតុខាងលើ ដោយនៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងកញ្ឆាក្រៀមកែច្នៃជាច្រើនគីឡូក្រាម ហើយសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើនេះ មកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់