ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង ២៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានករណីរថយន្ត១គ្រឿង បើកបុកខឿនចែកទ្រូងផ្លូវពេញទំហឹង និងបន្តបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋលក់ ទូរស័ព្ទ បណ្ដាលឲ្យរងការខូតខាតយ៉ាងដំណំ តែសំណាងល្អមិនបង្ករងរបួសនោះទេ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត ក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកមាស មិនមានស្លាកលេខ ធ្វើដំណើរពីលិចទៅកើតតាមបណ្តោយផ្លូវ២១៧។
មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកខឿនចែកផ្លូវ បណ្ដាលឲ្យខូចខាតបែក៣ដុំ ខណៈដែលរថយន្តមិនទាន់អស់ល្បឿន បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកជញ្ជាំងផ្ទះលក់ទូរសព្ទ័ដៃយីហោ (ខេម មួយអ៊ី) ពេញទំហឹង ទម្លុះក្បាលរថយន្តមួយកំណាត់មុខ ចេញមកម្ខាងទៀត និងដាច់កង់មុខខាងឆ្វេងទៅមុខ លែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងកាដ្ឋាន រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនិតីវិធី៕
មតិយោបល់