ព័ត៌មានជាតិ

មន្ត្រីជំនាញជំរុញឲ្យបន្តផ្តល់ឈាម ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែកើនទ្បើង

ភ្នំពេញ:លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា ក្រោយពីបុណ្យចូលឆ្នាំខ្មែររួចមក ការបរិច្ចាគឈាមមានជាបន្តបន្ទាប់ លោកសូមអំពាវនាវឲ្យបណ្តាស្ថាប័ន និងក្រុមហ៊ុនធំៗ ចូលរួមបរិច្ចាគឲ្យបានច្រើន។ បច្ចុប្បន្នជំងឺ ដែលត្រូវការឈាមច្រើនជាងគេ ដើម្បីសង្រ្គោះជីវិតនោះ រួមមាន ការវះកាត់ ស្រ្តីឆ្លងទន្លេមិនប្រក្រតី និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ព្រោះបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើងជារៀងរាល់ថ្ងៃ ហើយក៏ត្រូវការឈាមជារៀងរាល់ថ្ងៃផងដែរ ដើម្បីជួយដល់ពួកគាត់។

ក្រុមនិស្សិតនៃវិទ្យាស្ថាន CamEd Business School នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលត្រូវការឈាមជាចាំបាច់។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគឈាម មកដល់អង្គភាពរបស់លោក ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ។ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានសង្កត់ធ្ងន់ថា បើសិនជាគ្មានការចូលរួមចំណែកពីសប្បុរសជនទាំងឡាយនោះ មជ្ឈមណ្ឌលក៏មិនអាចទ្រទ្រង់ និងផលិតឈាម ដោយខ្លួននោះឡើយ ដូច្នេះការចូលរួមរបស់បងប្អូន ពិតជាមានសារសំខាន់យ៉ាងខ្លាំង។

ចំពោះការបរិច្ចាគឈាម ត្រូវបានលោកវេជ្ជបណ្ឌិត ហុក គឹមចេង អះអាងថា មិនមានការប៉ះពាល់សុខភាពនោះឡើយ ដូច្នេះកុំមានការព្រួយបារម្ភ ពោលគឺមុនការបរិច្ចាគឈាម គឺគ្រូពេទ្យធ្វើការពិនិត្យរួចរាល់ ថាតើសប្បុរសជនដែលបរិច្ចាគឈាមមានសុខភាពល្អឬមិនល្អ៕

photo_2016-05-11_15-17-40 photo_2016-05-11_15-17-30 photo_2016-05-11_15-17-41

មតិយោបល់