ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ប្រាក់៧០ដុល្លារ ជាដើមចមធ្វើឲ្យបងប្អូនសម្លាប់គ្នា

ភ្នំពេញៈ បច្ចុប្បន្ននេះ មនុស្សមួយចំនួនហាក់មានចិត្តប្រែប្រួលឲ្យតែបានប្រយោជន៍ ទោះធ្វើអ្វីក៏ហ៊ានដែរ។ លើសពីនេះទៀតនោះ ប្រាក់មួយចំនួនអាចទិញទឹកចិត្តមនុស្សបានដោយធ្វើឲ្យមនុស្សខ្លះបាំងភ្នែក មិនខ្វល់ខ្វាយពីសាច់ញាតិរបស់ខ្លួន។

ក្រោយតាមប្រមាញ់ប្រកិតប្រកើយរបស់សមត្ថកិច្ចជនពាក់ព័ន្ធជាច្រើននាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីសម្លាប់សិស្សស្រីម្នាក់ ដែលគេអះអាងថា ឃាតករគឺជាសាច់ញាតិ។

ជុំវិញករណីប្លន់សម្លាប់យុវសិស្សវិទ្យាល័យពងទឹក ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា ផ្តើមឡើងដោយសារជនសង្ស័យជំពាក់លុយគេចំនួន ៧០ដុល្លារ ហើយសុំខ្ចីលុយជនរងគ្រោះមិនបាន ទើបឈានដល់ការវាយសម្លាប់ប្លន់បែបនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជុំ វីរៈ ប្រាប់ឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុវេលាម៉ោង៧ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ រូបគេពុំហ៊ានចូលទៅធ្វើការរោងចក្រនោះទេ ដោយសាររូបគេបានជំពាក់លុយឈ្មោះ ពេជ្រ ដែលធ្វើការជាមួយគ្នាចំនួន៧០ដុល្លារ ហើយរូបគេក៏បានទូរស័ព្ទទៅមិត្តភក្រ័ឈ្មោះ តា និងឈ្មោះ វ័ន្ត នៅបុរីសន្តិភាព២ ។ លុះដល់វេលាម៉ោង ១២ ថ្ងៃដដែល រូបគេក៏បានជិះម៉ូតូ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ បិទតែមឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1AT-5204 ទៅផ្ទះឈ្មោះ តា និងឈ្មោះ វ័ន្ត នៅបុរីសន្តិភាព២ ព្រមទាំងនាំគ្នាទិញស្រា អាឡិចសង់វិស្គីចំនួន២ដប កូកាកូឡា១ដប មី២កញ្ចប់ ពេលទិញរួចហើយ ពួកគេទាំង៣នាក់ ក៏បានជិះម៉ូតូឌុបគ្នាទៅផឹកស៊ីនៅទីវាលក្រោមដើមឈើមួយកន្លែង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យសារភាពថា ខណៈកំពុងផឹកស៊ី រូបគេ ( ជនដៃដល់) ក៏បាននិយាយដំណើររឿងប្រាប់មិត្តភក្រ័ទាំង២នាក់ ថា រូបគេជំពាក់លុយគេនៅរោងចក្រចំនួន៧០ដុល្លារ ដោយមិនដឹងបានលុយមកពីណាយកទៅសងគេ ។ ពាក្យសំដីនេះមិនត្រូវបានមិត្តភក្រ័ទាំង២នាក់ ឆ្លើយតបអ្វីឡើយ ភ្លាមនោះរូបគេ ក៏នឹកឃើញប្អូនស្រីជីទូនមួយឈ្មោះ វ៉ុន រដ្ឋា (ជនរងរគ្រោះ) ហើយក៏បានតេទូរស័ព្ទហៅនាង ដើម្បីខ្ចីលុយ តែនារីរងគ្រោះបានឆ្លើយថា រូបនាងកំពុងរៀន ចាំពេលនាងចេញពីរៀន ទើបនាងទៅជួប ។ រហូតដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃដដែល ទើបនាងរងគ្រោះ តេទូរស័ព្ទមកវិញថា នាងកំពុងជិះម៉ូតូម្នាក់ឯង មកដល់ចំណុចបុរីសន្តិភាព២ហើយ ដោយឮបែបនេះ ជនសង្ស័យក៏នាំគ្នាឈប់ផឹក ហើយជិះឌុបគ្នាទាំង ៣នាក់ទៅរកនាង ពេលបានជួបនាងហើយ ក៏ត្រឡប់មកវិញ ដោយរូបគេជិះម៉ូតូរបស់នារីរងគ្រោះ ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-0301ឌុបនាងទៅកាន់កន្លែងផឹកស៊ីដដែលនោះវិញ ហើយពួកគេទាំង ៣នាក់ ក៏បន្តការផឹកស៊ីទៀត ដោយនារីរងគ្រោះមិនបានផឹកស៊ីជាមួយនោះទេ គឺនាងអង្គុយលេងលើតង់ចាស់ៗដែលគេទុកចោលនៅក្បែរនោះ ។ ខណៈពេលពួកគេកំពុងអង្គុយផឹកស៊ីនោះ នារីរងគ្រោះបានទារទៅផ្ទះវិញ ភ្លាមនោះរូបគេ ក៏បានយល់ព្រមជិះម៉ូតូឌុបនាងត្រឡប់ទៅវិញ ដោយមិត្តភក្រ័ចំនួន២នាក់ទៀត ជិះម៉ូតូមកជាមួយតាមក្រោយ ។

ចម្លើយសារភាពពីជនសង្ស័យបន្តថា ដោយមានចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិផងនោះ រូបគេក៏បានជិះម៉ូតូឌុបមកកន្លែងស្ងាត់ (ចំណុចកើតហេតុ) ក៏ធ្វើសកម្មភាពចាប់ខ្ទប់មាត់នារីរងគ្រោះអូសចូលទៅក្នុងសំណង់បាក់បែក និងរើសដុំឥដ្ឋតាន់វាយក្បាលជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាមរងរបួសធ្ងន់ធ្ងរ ទើបពួកគេស្រវ៉ាយកទូរស័ព្ទដៃ ម៉ាក អាយហ្វូនហ្វាយ ចំនួន ១គ្រឿង និងម៉ូតូជនរងគ្រោះ ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-0301 ជិះគេចខ្លួន ។

ក្រោយពីធ្វើសកម្មភាពបានសម្រេច ពួកគេបានយកម៉ូតូជនរងគ្រោះទៅលាក់ទុកនៅបន្ទប់មិត្តភក្រ័ផ្សេងទៀត នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកទូរស័ព្ទជនរងគ្រោះ ពួកគេបានយកទៅលក់នៅម្តុំផ្សារទឹកថ្លា បានលុយចំនួន ៧០ដុល្លារ ដោយរូបគេបានទទួលលុយតែចំនួន ៥០ដុល្លារប៉ុណ្ណោះ យកទៅសងម្ចាស់បំណុល ហើយក្រោយពីសងរួចរាល់ ពួកគេក៏បានបែកផ្លូវគ្នារៀងៗខ្លួន លុះរហូតដល់យប់ថ្ងៃខែដដែល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនពួកគេជាបន្តបន្ទាប់តែម្តង៕

photo_2016-05-11_15-21-46photo_2016-05-11_15-21-49

មតិយោបល់