ភ្នំពេញ:ដោយការអនុវត្តន៍សម្រេចបាននូវគោលដៅ និងចក្ខុវិស័យដ៏ស៊ីជម្រៅ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាព ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ តាមរយៈការអនុវត្តកម្មវិធីអាទិភាពចំនួន៥ចំណុច ដែលទាមទារឱ្យក្រសួង មន្ទីរជំនាញ ស្ថាប័នរដ្ឋ វិស័យឯកជននិងដៃគូរពាក់ព័ន្ធជាតិ អន្តរជាតិបន្ថែមការយកចិត្តទុកដាក់អភិវឌ្ឍន៍ ថែរក្សា ការពារ និងអភិរក្សឲ្យមាននិរន្តរភាព និងប្រសិទ្ធភាពខ្ពស់។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទថ្លែងឱ្យដឹងនៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៦នេះ ថា “វិស័យអាទិភាពសំខាន់៥ចំណុច ដែលត្រូវនាំគ្នាយកចិត្តទុកដាក់អនុវវត្ត មានដូចជា៖ ការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្ម ការជម្រុញផលិតកម្មសត្វ និងសុខភាពសត្វ ការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព ការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយចីរភាព និងការពង្រឹងស្ថាប័ន ការបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម”។
លោក រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រៅពីការដាំដុះដំណាំស្រូវ ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ វិស័យជលផលក៏ត្រូវបានលើកកម្ពស់ តាមរយៈការអនុវត្តន៍នូវគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅដំណាក់កាលទី២ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវផងដែរ។ ទន្ទឹមនោះ ក្រសួងបានបង្កើតសហគមន៍នេសាទបានចំនួន ៥១៦កន្លែង មានសមាជិកសរុបចមនួន៣៣២ពាន់នាក់ កន្លែងអភិរក្សធនធានជលផលសរុបចំនួន៥៦១កន្លង ព្រមទាំងសកម្មភាពការអភិវឌ្ឍន៍វារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រ រួមទាំងអភិរក្សជលផលផ្សេងៗទៀតដូចជា ការអភិរក្សផ្កាថ្ម និងស្មៅសមុទ្រ ការបោះបង្គោលព្រំប្រទល់តំបន់អភិរក្សជលផល និងពង្រឹងការទប់ស្កាត់ក៏ដូចជាការបង្រ្កាបបទល្មើសនេសាទជាដើម។
ដោយឡែកការងារស្រាវជ្រាវជលផល គឺបានផ្តោតទៅលើប្រភពធនធានជលផល ទាំងទឹកសាប និងសមុទ្រ និងបច្ចេកវិទ្យាវារីវប្បកម្ម ហើយថ្មីៗនេះរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យមានការចិញ្ចឹមត្រីរ៉ស់និងត្រីឆ្នោឡើងវិញ ក្នុងលក្ខខណ្ឌប្រើប្រាស់ចំណីកែច្នៃពីធម្មជាតិ សម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាជន និងកាត់បន្ថយការនាំចូលចំណី និងត្រីពីប្រទេសជិតខាង។
បើទោះបីមានការសម្រេចបាននូវសមិទ្ធផលផ្លែផ្កាដូចរាប់រាប់ខាងលើក្តី រដ្ឋមន្រ្តីរូបនេះនៅបានអះអាងពីបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក ដូចជា កត្តាធម្មជាតិ សមត្ថភាពធនធានមនុស្ស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព សមត្ថភាពប្រកួតប្រជែងទីផ្សារនៅមានកម្រិត បទល្មើសជលផល ព្រៃឈើ និងបទល្មើសផ្សេងៗទៀត នៅតែកើតមានជាកត្តានាំឱ្យប៉ះពាល់ដល់ល្បឿននៃការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា៕
មតិយោបល់